(ភ្នំពេញ)៖ ការប្រកួតជម្រុះក្នុងវគ្គចែកពូល AFF Suzuki Cup 2018 នឹងចូលមកដល់នាថ្ងៃព្រហស្បតិ៍ ទី០៨ ខែវិច្ឆិកា ខាងមុខនៅពហុកីឡដ្ឋានជាតិ នាម៉ោង ១៨៖៣០នាទីយប់ ពេលគោព្រៃកម្ពុជាទទួលក្រុមភ្ញៀវម៉ាឡេស៊ី។

សម្រាប់ការប្រកួតរបស់ក្រុមគោព្រៃកម្ពុជាចូលរួមប្រកួតពាន Tiger Cup (Suzuki Cup បច្ចុប្បន្ន) កាលឆ្នាំ១៩៩៦ ជាលើកដំបូង មិនមានប្រកួតជម្រុះឡើយ។ ក្នុងការប្រកួត ៤លើកដែលមាន ៥ក្រុមក្នុងពូល។ កម្ពុជាចាញ់វៀតណាម ៣-១ ចាញ់ឥណ្ឌូនេស៊ី ៣-០ ចាញ់ ឡាវ ១-០ និងចាញ់មីយ៉ាន់ម៉ា ៥-០។ ហើយនៅក្នុងឆ្នាំ១៩៩៨ កម្ពុជាខកខានមិនបានចូលរួម។ ក្រោយមកទៀត ឆ្នាំ២០០០ ឆ្នាំ២០០២ និងឆ្នាំ២០០៤ បានត្រឹមវគ្គចែកពូល មុនពេលត្រូវប្រើរូបមន្តប្រកួតជម្រុះដើម្បីយកកៅអីនៅឆ្នាំ២០០៦ (ក្រុមមានចំណាត់ថ្នាក់អន់នៅតំបន់អាស៊ាន)។

វគ្គជម្រុះឆ្នាំ២០១៦ ជាឆ្នាំមានពិន្ទុខ្ពស់បំផុតមិនធ្លាប់មានក្នុងវគ្គជម្រុះដែលរៀបចំតាំងឆ្នាំ២០០៦ ដោយទទួលបាន ៩ពិន្ទុ ក្រោមការបង្វឹកគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Lee Tae Hoon។ កម្ពុជាឈ្នះទាំង ៣ប្រកួតនៅវគ្គឆ្នាំ ២០១៦នៅពហុកីឡដ្ឋានជាតិពោល ឈ្នះ ឡាវ ២-១ ឈ្នះប្រ៊ុយណេ ៣-០ និងឈ្នះទីម័រខាងកើត ៣-២។

បន្ថែមទៀតផងដែរ នៅវគ្គជម្រុះកន្លងទៅមិនបានឡើងវគ្គចែកពូលដូចជា ឆ្នាំ២០០៦ ឆ្នាំ២០០៨ មានត្រឹម៧ ពិន្ទុក្នុងចំណោម ៥ក្រុម ឆ្នាំ២០១០ មាន៥ពិន្ទុក្នុងចំណោម ៤ក្រុម ឆ្នាំ២០១២ មាន ០ពិន្ទុក្នុងចំណោម ៥ក្រុម និងឆ្នាំ២០១៤ មាន ៦ពិន្ទុក្នុងចំណោម ៥ក្រុមចូលវគ្គជម្រុះ។

អ្វីដែលសំខាន់ផងនោះ រឿងល្អបំផុតសម្រាប់កម្ពុជាកាលវគ្គចែកពូលឆ្នាំ២០១៦ គឺខ្សែបម្រើ ច្រឹង ពលរដ្ឋ ស៊ុតគ្រាប់ពីចម្ងាយយ៉ាងល្អបំផុត និងជាប់កំណត់ត្រាជាគ្រាប់បាល់កំពូលមួយនាវគ្គជម្រុះ ដោយមានសារព័ត៌មានល្បីៗនៅអាស៊ានចុះផ្សាយជាហូរហែ។ គ្រាប់បាល់នោះ ស៊ុតពេលកម្ពុជា ចាញ់វៀតណាម ២-១ និងឆ្នាំ២០១៦ កម្ពុជាទទួលកៅអីទៅវគ្គចែកពូលលើកដំបូង ក្នុងរយៈពេល ៨ឆ្នាំ ហើយធ្វើឲ្យក្រុមឡាវធ្លាក់ត្រឹមវគ្គជម្រុះលើកដំបូង បើគិតចាប់តាំងពីឆ្នាំ២០០៦ មកក្នុងកំណត់ត្រាបាល់ទាត់ឡាវ។

គួរបញ្ជក់ផងដែរថា សម្រាប់ការប្រកួតនៅក្នុងឆ្នាំ២០១៨ នេះវិញ ជាឆ្នាំមានការផ្លាស់ប្ដូរទាំងជម្រើសជាតិកម្ពុជាដោយសារចង្វាក់លេងល្អប្រសើរ។ កម្ពុជាមិនឆ្លងវគ្គជម្រុះទៀតទេ ដោយទុកឲ្យប្រ៊ុយណេ និងទីម័រខាងកើតជាអ្នកប្រកួតជម្រុះដើម្បីយកកៅអីមកវគ្គចែកពូល។ ភាពខុសគ្នាមួយទៀត សហព័ន្ធកីឡាបាល់ទាត់អាស៊ាន តម្រូវឲ្យប្រកួតជម្រុះចែកពូលដោយលេងក្រៅដី និងក្នុងដីក្នុងន័យធ្វើឲ្យមានការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនពីអ្នកស្រឡាញ់បាល់ទាត់ជាតិ៕