(ក្រុងឡុងដ៍)៖ លោក Gareth Southgate អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស បានបង្កការភ្ញាក់ផ្អើលមួយនៅចុងសប្តាហ៍នេះ ដោយគាត់បានសម្រេចចិត្តផ្តល់ឱកាសកោះហៅអតីតកីឡាករជម្រើសជាតិ និងអតីតកីឡាកររបស់ក្លឹប Manchester United ដែលជាកីឡាករខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំ Wayne Rooney ឲ្យមកចូលរួមក្នុងក្រុមតោកំណាចអង់គ្លេស ជាលើកចុងក្រោយ។

ក្នុងការកោះហៅនេះ គឺដើម្បីឲ្យ Rooney ក្លាយជាកីឡាករអង់គ្លេសម្នាក់ ដែលបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបាន ១២០ដង សម្រាប់ការបង្ហាញខ្លួនលើកចុងក្រោយរបស់ Rooney ក្រោមការដឹកនាំរបស់លោក Gareth Southgate និងធ្វើឡើងក្នុងការប្រកួតមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិអង់គ្លេស ជាមួយនឹងក្រុមជម្រើសជាតិសហរដ្ឋអាមេរិក ដែលនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងទឹកដីនៃកីឡដ្ឋាន Wembley របស់អង់គ្លេស។

Rooney បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអង់គ្លេសកាលពីខែសីហា ឆ្នាំ២០១៧ ដោយសារតែគាត់មិនត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA កោះហៅឲ្យចូលរួមប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក ជាមួយប្រទេសម៉ាល់តា និងស្លូវ៉ាគី។

Rooney ដែលបច្ចុប្បន្នជាប្រធានក្រុម DC United របស់អាមេរិក បានសម្តែងអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងចំពោះដំណឹងនេះ ហើយគាត់សង្ឃឹមថា គាត់នឹងទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត ជាមួយក្រុមកីឡាករក្មេងៗជំនាន់ក្រោយ ទោះបីជាពេលនេះ Rooney មិនបានលេងនៅក្លឹបធំណាមួយក្នុងតំបន់អឺរុប ប៉ុន្តែគាត់នៅតែជាតារារះក្នុងវិស័យបាល់ទាត់។ គាត់រកគ្រាប់បាល់បាន ១២គ្រាប់ ពីការបង្ហាញខ្លួនបាន ២១ដង នៅ DC United។

សម្រាប់លោក Gareth Southgate វិញ លោកតែងតែគិតថា Rooney ជាកីឡាករសំខាន់ជានិច្ច ហើយក្នុងឱកាសនោះ លោកក៏ចង់ឲ្យខ្សែប្រយុទ្ធដ៏ជោគជ័យនៅក្លឹប Everton និង Man Utd រូបនេះ ជួយបង្ហាញតិចនិក ដល់កីឡាករក្មេងដែលលោកនឹងដាក់ឲ្យបង្ហាញខ្លួនរួមមាន Jadon Sancho, Mason Mount និង James Maddison៕