(ភ្នំពេញ)៖​ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសគ្រោងពង្រីកព្រឹត្តិការណ៍កីឡា និងទេសចរណ៍ ទៅតំបន់អេកូទេសចរណ៍មួយចំនួន នាឆ្នាំក្រោយ ក្នុងនោះមានខេត្ត ៥ ដែលជាគោលដៅរបស់ស្ថាប័នកីឡាកំពូលមួយនេះ រួមមានខេត្តឧត្តរមានជ័យ រតនៈគិរី មណ្ឌលគិរី កំពង់ស្ពឺ និងខេត្តកែបជាដើម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់កាលពីពេលថ្មីៗថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ មានការយល់ដឹងច្រើនអំពីសុខភាព តាមរយៈការលេងកីឡា មិនថានៅទីប្រជុំជន ឬទីជនបទឡើយ។ ហេតុនេះហើយ ទើបជំរុញឲ្យ NOCC កំពុងសិក្សាអំពីគម្រោងពង្រីកព្រឹត្តិការណ៍កីឡាបែបទេសចរណ៍ ទៅកាន់តំបន់មួយចំនួនបន្ថែមទៀត ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចូលរួមលេងកីឡារបស់ប្រជាពលរដ្ឋ ក៏ដូចជារួមចំណែកផ្សព្វផ្សាយពីតំបន់ទេសចរណ៍នីមួយៗ ក្នុងប្រទេសកម្ពុជាផងដែរ។

លោកបន្ដថា «ចំពោះគោលដៅសំខាន់ៗរបស់យើង កំពុងធ្វើការសិក្សា ហើយអាចឈានទៅរកការរៀបចំនាឆ្នាំក្រោយ មានដូចជាតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រ នាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, ខេត្តរតនៈគិរី, ខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភ្នំ ខេត្តកំពង់ស្ពឺ និងតំបន់ភ្នំ ខេត្តកែបជាដើម ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាបែបទេសចរណ៍ ដូចជាការរត់ពាក់កណ្ដាលម៉ារ៉ាតុង និងការដើរឡើងភ្នំ លក្ខណៈផ្សព្វព្រេង ព្រោះព្រឹត្តិការណ៍ទាំងនេះ សុទ្ធតែសាកសមនឹងប្រជាពលរដ្ឋខ្មែរ ដែលកំពុងផ្ដោតលើសុខភាពជាចម្បង នាពេលបច្ចុប្បន្ន»

រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ បានបន្ថែមថា ផែនការទាំងនេះ គឺស្ថិតក្នុងគម្រោងពិចារណារបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយយ៉ាងហោចនៅឆ្នាំ២០១៩ខាងមុខ នឹងមានការរៀបចំព្រឹត្តិការណ៍ណាមួយក្នុងតំបន់ ដែលជាគោលដៅខាងលើ។ តាមរយៈគម្រោងនេះ លោកជឿជាក់យ៉ាងមុតមាំថា នឹងអាចអូសទាញភ្ញៀវទេសចរជាតិ-អន្ដរជាតិ ស្គាល់តំបន់ទេសចរណ៍ និងប្រវត្តិសាស្ដ្រក្នុងប្រទេសកម្ពុជាកាន់តែច្រើន ក៏ដូចជាទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជា និងជួយឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនផងដែរ។

គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន ដោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ NOCC បានរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍ជាច្រើនមកហើយ ដូចជាទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង-អង្គរ, ទិវារត់ប្រណាំងម៉ារ៉ាតុង-ចក្រភពអង្គរ, ព្រឹត្តិការណ៍រត់ប្រណាំង Angkor Ultra Trail ចម្ងាយឆ្ងាយ ១២៥គីឡូម៉ែត្រ, ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ និងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង នាខេត្តព្រះសីហនុជាដើម៕