(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសទទួលពាក្យក្រុមចូលរួមប្រកួតជម្រើសជើងឯកយុវជនអាយុក្រោម ១៣ឆ្នាំ ឆ្នាំ២០១៨ ទៀតហើយ ដែលនឹងធ្វើឡើង នៅទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី នាពេលឆាប់ៗខាងមុខ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ បានបញ្ជាក់ថា សហព័ន្ធចាប់ផ្ដើមពីពាក្យពីឥលូវ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកាខាងមុខ ដោយនឹងអនុញ្ញាតឲ្យក្រុមចំនួន ៣២ក្រុមចូលរួម។ ប៉ុន្ដែកាលបរិច្ឆេទប្រកួត នៅមិនទាន់កំណត់នោះទេ ដោយសហព័ន្ធនឹងធ្វើការជូនដំណឹងតាមក្រោយ។

ក្រឡេកមកចាប់អារម្មណ៍លក្ខខណ្ឌចូលរួមវិញ ក្រុមនីមួយៗ ត្រូវជាក្រុមតំណាងខេត្តទាំង ២៤និងរាជធានី ក៏ដូចជាក្រុមស្ថិតក្រោមគម្រោងអភិវឌ្ឍន៍របស់សហព័ន្ធ ក្រុមយុវជនមកពីក្លឹបសមាជិកសហព័ន្ធ ក្រុមតំណាងសមាគម ស្ថាប័ន អង្គការសង្គម និងក្រុមទទួលបានការអញ្ជើញផ្ទាល់ពីសហព័ន្ធ។

តាមរយៈការប្រកួតលីគ U13 នេះដែរ សហព័ន្ធក៏មានគម្រោងនឹងធ្វើការជ្រើសរើសយុវជនមានសមត្ថភាព និងទេពកោសល្យល្អ ចូលរួមបណ្ដុះបណ្ដាលក្នុងសាលាបាល់ទាត់ជាតិបាទី ដើម្បីអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករអាជីព នាថ្ងៃអនាគតផងដែរ បន្ទាប់ពីសហព័ន្ធបានប្រកាសរំសាយកីឡាករចំនួន ១៦នាក់ កាលពីពេលថ្មីៗ៕