(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិហ្វូតសាលកម្ពុជា បានរបូត ៣ពិន្ទុទៅហើយ ក្រោយប្រកួតចាញ់ក្រុមម៉ាឡេស៊ី ដោយលទ្ធផល ១០-០ ក្នុងជំនួបបើកឆាកពូលA នៃពានរង្វាន់ AFF Futsal Championship 2018 នៅប្រទេសឥណ្ឌូនេស៊ី ដែលទើបបញ្ចប់ការប្រកួត នារសៀលថ្ងៃទី០៥ ខែវិច្ឆិកានេះ។

សម្រាប់ការប្រកួតលើទីលានតូចនេះ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា បានរបូត ៤គ្រាប់តង់ទី១ ហើយពួកគេក៏ព្យាយាមវាយបកនៅតង់ទី២ ផងដែរ តែមិនបានសម្រេច គ្រាដែលក្រុមជម្រើសជាតិហ្វូតសាលម៉ាឡេស៊ី បានបន្ថែម ៦គ្រាប់ទៀត ដើម្បីទទួលបាន ៣ពិន្ទុជាមួយនឹងជ័យជម្នះ ១០-០ លើក្រុមកម្ពុជាតែម្ដង។

គួរបញ្ជាក់ថា ប្រកួតបន្ទាប់របស់កម្ពុជា គឺត្រូវជួបក្រុមជម្រើសជាតិហ្វូតសាលមីយ៉ាន់ម៉ា នាវេលាម៉ោង ១១៖៣០នាទីព្រឹកស្អែកនេះ ដែលអាចជាប្រកួតកំណត់ជោគវាសនារបស់ក្រុមជម្រើសជាតិហ្វូតកម្ពុជា មុនប្រកួតបញ្ចប់ពូលជាមួយក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី នាថ្ងៃទី០៧ ខែវិច្ឆិកាខាងមុខ នៅកីឡដ្ឋាន GOR UNY ប្រទេសឥណ្ឌូនេស៊ី៕