(ភ្នំពេញ)៖ ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានសេចក្តីសោមនស្សរីករាយ និងសូមជម្រាបជូនអ្នកគាំទ្រ​ក៏ដូចជាសាធារណជនឱ្យបានជ្រាបថា ក្លឹបបានសម្រេចចុះកិច្ចសន្យាជាមួយកីឡា ស៊ាន ភីសារ ដើម្បីត្រៀមក្នុងការប្រកួតសម្រាប់រដូវកាលខាងមុខនេះ។

សម្រាប់កីឡាករ ស៊ាន ភីសារ បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ២០១៤ ជាមួយក្រុមបៀលប្រាយយូណាយធីត នៅឆ្នាំ២០១៥ ដោយរូបគេបានផ្លាស់ប្តូរមកលេងឲ្យភ្នំពេញក្រោន ហើយនៅឆ្នាំ២០១៧ ក្រុមក្រសួងការពារជាតិបានខ្ចីជើងរូបគេ ១ឆ្នាំ និងនៅឆ្នាំ២០១៨ រូបគេបានបន្តទៅលេងនៅក្រុមវិសាខា។

ភីសារ បានអះអាងថា គេសប្បាយចិត្តដែលបានវិលត្រឡប់ចូលភ្នំពេញក្រោនសាជាថ្មី ក្រោយឃ្លាតឆ្ងាយទៅលេងនៅក្រសួងការពារជាតិ និងវិសាខា អស់រយៈពេល២រដូវកាលកន្លងមក។ កីឡាករមានប្រភពពីខេត្តបាត់ដំបងបង្ហើបថា ក្នុងរយៈពេលដែលខ្លួនអវត្តមានពីកីឡដ្ឋាន RSN អ្នកគាំទ្រមួយចំនួនតែងតែផ្ញើសារសួរសុខទុក្ខ និងសួរនាំថាវិលចូលក្រុមចាស់ដែរឬទេ។

គួរបញ្ជាក់ផងដែរថា អតីតសមាជិកក្លឹបបៀលប្រាយយូណាយធីត ក៏បានបង្ហាញពីចំណាប់អារម្មណ៍លើគ្រូបង្គោលថ្មី Leonardo Vitorino ដែលមានការរៀបចំល្អ និងយុទ្ធសាស្ត្រកថ្មីក្នុងការបង្ហាត់កូនក្រុម ហើយគេសង្ឃឹមថា អាចរួមចំណែកលើកពានលីគកំពូលកម្ពុជាជាថ្មីនៅកីឡដ្ឋាន RSN ក្រោយខកខាន ៣រដូវកាលមកនេះ។

សូមបញ្ជាក់ថា វត្តមានរបស់កីឡាករវ័យ២២ឆ្នាំរូបនេះ នឹងជាកម្លាំងដ៏សំខាន់របស់ក្រុមក្នុងការប្រកួតប្រជែងសម្រាប់រដូវកាលក្រោយៗនេះ៕