(ភ្នំពេញ)៖ កម្មវិធីប្រឡងប្រកួតប្រជែង ទេពកោសល្យ លំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent រដូវកាលទី២ ដែលជាកម្មវិធីមួយ​ត្រូវបានគេសង្កេតឃើញថា មានការគាំទ្រជាច្រើន ពីសំណាក់មហាជនទូទាំងប្រទេស ខណៈមកទល់នឹងពេលនេះ​ គេក៏បានរកឃើញនូវម្ចាស់​ជ័យលាភីហើយ កាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយម្ចាស់ជ័យលាភី បានទៅលើ​ក្រុមរាំដែលមានឈ្មោះថា «THE KING» ដោយទទួលបាន ទឹកប្រាក់ចំនួន​១០០លានរៀល និងក្លាយជាក្រុមសិល្បករ ជាប់កុងត្រា ប្រចាំស្ថានីយ ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស​។

ក្នុងនោះ​តារាចម្រៀងប្រុស លោក ណុប បាយ៉ារិទ្ធ ក៏បានចូលរួមអបអរសាទរ ក៏ដូចជាបង្ហាញនូវ​អារម្មណ៍រំភើប និងមានមោទនភាពជាខ្លាំង ក្រោយក្រុមរាំមួយនេះ បានក្លាយជាជ័យលាភី Cambodia’s Got Talent រដូវកាលទី២ ខណៈដែលក្រុមរាំ «THE KING» កាលពីពេលកន្លងមក លោក ណុប បាយ៉ារិទ្ធ បានបង្ហើបឲ្យដឹងថា ជាក្រុមរាំដែលធ្លាប់ ទទួលរងនូវការមើលងាយ ពីពពួកមនុស្សមួយចំនួន ថាត្រឹមតែជាក្រុមរាំតាមសួន។

ដោយយោងតាមគណនី ហ្វេសប៊ុក របស់តារាចម្រៀងចាស់វស្សា នៅក្នុងផលិតកម្មរស្មីហង្សមាស លោក ណុប​ បាយ៉ារិទ្ធ បង្ហាញអារម្មណ៍រំភើប និងមានមោទនភាពថា «មានសមត្ថភាព មានការតស៊ូ មានការអត់ធ្មត់ មានការប្រឹងប្រែង មានការឆ្នៃប្រឌឹត មានការសហការ មានការសាមគ្គី មានមហិច្ឆតា មានទំនុកចិត្ត មានឆន្ទៈ និង​មានក្តីសុបិន្ត ហើយព្យាយាមដើរ ទៅរកក្តីសុបិន្ត ដោយហ៊ានប្រឈមមុខ គ្រប់ឧបសគ្គដោយមិនរាថយ សុបិន្តក្លាយជាការពិត លុះត្រាយើងខំប្រឹង​ ដើរទៅឲ្យដល់ក្តីសុបិន្ត របស់ខ្លួនឯង ដែលមិនមែន គ្រាន់តែជាក្តីសុបិន្ដ ដោយការស្រមើរស្រមៃចង់បាន ហើយមិនប្រឹងប្រែងនិងយកវានោះឡើយ សុបិន្តនិងក្លាយជាការពិត លុះត្រាអ្នកតាំងខ្លួនជាអ្នកលាពីក្តីសុបិន្តជាមុន​។ សុបិន្តរួចហើយ គឺត្រូវលាចេញពីក្តីសុបិន្ត ព្រោះមនុស្សមិនអាច គ្រាន់តែសុបិន្តពេញមួយជីវិត ដោយមិនចង់ឲ្យក្លាយជាទៅការពិតនោះទេ គឺត្រូវបន្តរឆ្ពោះទៅមុខ ទៅឲ្យដល់គោលដៅចុងក្រោយ នោះគឺ វិថីនៃការពិត គោលដៅនៃជ័យជំនះពិតប្រាកដ»

តារាចម្រៀងប្រុសមុខមានមន្តស្នេហ៍ រូបនេះបានបន្តថា «​អបអរសាទ ជ័យលាភី ម្ចាស់ពានរង្វាន់ Cambodia’s got talent រដូវការទី២ ក្រុមរាំ THE KING ជ័យលាភីដែល បានមកពីសមត្ថភាពពិតប្រាកដ ​យកសមត្ថភាពពិតប្រាកដ ទៅដណ្តើមយកពានពីការប្រគួត គឺជាកិត្តិយស និង មោទនភាព របស់​បេក្ខជន ថ្ងៃនេះពពួកមនុស្ស ដែល​ធ្លាប់តែមើលងាយថា ក្រុមរាំតាមសួន និងបានភ្លឺភ្នែក ព្រោះក្រុមរាំតាមសួន មានសមត្ថភាពអាចដណ្តើម​ជ័យលាភី កាន់ពាន Cambodia’s got talent រដូវការទី២នេះ បានដោយការបោះឆ្នោតជាច្រើនដំណាក់កាល ពីមហាជនទូទាំងប្រទេស​»

យ៉ាងណាមិញ សម្រាប់ទេពកោសល្យ និងសមត្ថភាពរបស់ ក្រុមរាំ «THE KING» ត្រូវបានមហាជនទូទៅ មានការកោតសរសើរគ្រប់គ្នា ទាំងសមត្ថភាព សម្តែងលើឆាក និងពោរពេញ ទៅដោយទេពកោសល្យ​ ខណៈដែលការក្លាយ​ជាម្ចាស់ជ័យលាភី និងទទួលបានទឹកប្រាក់ ចំនួន ១០០លានរៀល ក្នុងកម្មវិធីប្រកួតប្រជែង សមត្ថភាព ទេពកោសល្យ លំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent រដូវកាលទី២ នៅពេលនេះ គឺពិតជាស័ក្តិសមខ្លាំង ចំពោះក្រុមរាំមួយនេះ​៕