(មេនឆេស្ទើ)៖ ក្រុមការពារតំណែងជើងឯក មេឃខៀវ Manchester City បានកំពុងនាំមុខតារាងដាច់ ២ពិន្ទុដោយមាន ពិន្ទុសរុប២៩ ខណៈក្រុមលេខ២ តោខៀវ Chelsea មាន២៧ពិន្ទុ តាមរយៈបំបាក់ក្រុមភ្ញៀវ Southampton ក្នុងលទ្ធផល ៦-១ ក្នុងសប្តាហ៍ទី១១ នៃ Premier League នារាត្រីថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Etihad ស្ថិតក្នុងទីក្រុង Manchester កីឡាករខ្សែប្រយុទ្ធ Sergio Agüero រកបាន១គ្រាប់នៅនាទីទី១២, David Silva នៅនាទីទី១៨, Sterling នៅនាទីទី៤៥ និងនាទីទី៦៧ និងមិត្តរួមក្រុម Leroy Sane រកបាននៅនាទីទី៦ និងនាទីទី៩០ ខណៈ១គ្រាប់របស់ Southampton ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ធ្វើបានសម្រេចដោយកីឡាករ Danny Ings នៅនាទីទី៣០។

១គ្រាប់របស់ Aguero នៅនាទី១២ គឺជាគ្រាប់ទី១៥០ នៅក្នុងការប្រកួត Premier League របស់រូបគេក្រោយចូលលេងបាន ២១៧លើកក្នុងក្លឹប Man City។

សម្រាប់១ក្រុមទៀតដែលស្ថិតក្នុងទីក្រុង Manchester ដូចគ្នាគឺ Manchester United ក៏រកបាន ៣ពិន្ទុបន្ថែមដូចគ្នា តាមរយៈវាយបកឈ្នះក្រុមម្ចាស់ផ្ទះ AFC Bournemouth ដោយលទ្ធផល ២-១ នៅនាទីទីចុងម៉ោង ដើម្បីឡើងទៅឈរនៅលេខរៀងទី៧ បណ្តោះអាសន្ន ដោយមាន ២០ពិន្ទុស្មើនឹងក្រុម Bournemouth ដែលឈរនៅ លេខ៦នោះ៕