(ភ្នំពេញ)៖ អ្នកប្រយុទ្ធគុនចម្រុះកីឡាករកម្ពុជា មាស ម៉ើ នឹងត្រូវប៉ះកីឡាកររបស់ប្រទេសហូឡង់ Anthony Engelen  ក្នុងកម្មវិធីប្រដាល់របស់សង្វៀនដ៏ធំប្រចាំទ្វីបអាស៊ី ONE: HEART OF THE LION នៅប្រទេសសិង្ហបុរីដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសង្វៀន Indoor Stadium ដែលការប្រកួតគឺចំពេលនៃទិវាឯករាជ្យជាតិរបស់កម្ពុជា។

ជើងខ្លាំងវ័យ ២៨ ឆ្នាំ មាស ម៉ើ សម្រាប់កំណត់ត្រាដ៏ភ្ញាក់ផ្អើលរបស់រូបគេគឺធ្លាប់ប្រកួតបានជ័យជម្នះ ៥លើកជាប់គ្នាក្នុងអាជីពប្រដាល់គុនចម្រុះគិតតាំងពីឆ្នាំ២០១៤ មកប៉ុន្តែការប្រកួតចុងក្រោយមិនទទួលបានលទ្ធផលល្អគួរជាទីគាប់ចិត្តនោះទេ មាស ម៉ើ គឺជាសិស្សគុនរបស់ក្លឹបប្រដាល់ Cambodian Top Team ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។

សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំ ONE: HEART OF THE LION ក៏មានការប្រកួតរវាងកីឡាការិនីសិង្ហបុរី Angela Lee ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោកនឹងត្រូវតតាំងជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោកកីឡាការិនីចិន Xiong Jing Nan គ្រាដែលកីឡាករ Bibiano Fernandes ម្ចាស់ខ្សែក្រវាត់ពិភពលោករបស់ប្រេស៊ីល ត្រូវប៉ះកីឡាករ Kevin Belingon ជាមួយម្ចាស់ខ្សែក្រវាត់ពិភពលោកថ្មីៗ៕