(ភ្នំពេញ)៖​ កីឡាករជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបង្ហោះសារគួរឲ្យចាប់អារម្មណ៍ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីម្សិលមិញ ដែលហាក់ពន្លយតម្រុយត្រៀមចាកចេញពីក្លឹបបឹងកេត ខណៈលេចលឺព័ត៌មានមានក្លឹបលីគកំពូលថៃមួយ កំពុងតាមចែចូវអតីតសមាជិកក្លឹប PAHANG FA រូបនេះ។

ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ បានសរសេរថា «ពិតជាអរគុណណាស់សម្រាប់រយះពេលប៉ុន្មានឆ្នាំមកនេះ ហើយយើងអាចនិយាយថាគ្មានពេលជួបជុំណាមិនបែកគ្នាទេ»។  ក្រោយឃើញសារនេះ អ្នកគាំទ្រភាគច្រើនបានដាក់ការសង្ស័យថា វឌ្ឍនាកា នឹងត្រូវចាកចេញពីបឹងកេត នារដូវកាលថ្មី ហើយពួកគេក៏បានជូនពរក្នុងដំណើរឆ្ពោះទៅរកទ្រនំថ្មីរបស់កូនប្រុសលោក ចាន់ ចេស្ដា អតីតអភិបាលខេត្តកំពតនេះផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ កាលពីពេលថ្មីៗ មានប្រភពជិតស្និត នៃក្លឹបបឹងកេត បានបង្ហើបថា មានក្លឹបថៃមួយ បានទាក់ទងក្លឹប ក៏ដូចជាចង់បាន ចាន់ វឌ្ឍនាកា ទៅបង្គ្រប់កូតាកីឡាករអាស៊ាន សម្រាប់ត្រៀមរដូវកាលថ្មី តែលទ្ធផលយ៉ាងណា នៅមិនទាន់ដឹងនោះទេ។ ប៉ុន្ដែស្របពេលកីឡាករហស្សនាម CV-11 បានបង្ហើបតម្រុយដូច្នេះ មានន័យថា ការចរចារវាងក្លឹប និងក្លឹប រួមទាំងកីឡាករផង អាចឈានដល់ដំណាក់កាលព្រមព្រៀងគ្នាហើយ។

យ៉ាងណាមិញទាំងក្លឹប ក៏ដូចជាកីឡាករ ពេលនេះនៅមិនទាន់មានការប្រកាសផ្លូវការ ជុំវិញការផ្លាស់ប្ដូរទ្រនំថ្មី ឬអត់ពីកីឡាករ ចាន់ វឌ្ឍនាកា នោះទេ ខណៈចំពោះមុខកីឡាករដ៏មានប្រជាប្រិយភាពរូបនេះ កំពុងផ្ដោតលើការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 បើកឆាកពូលA ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ៕