(ភ្នំពេញ)៖ មហាជនជាច្រើនតែងតែ​គិតថា ពេលដែលតារាចម្រៀងល្បីល្បាញ ឱក សុគន្ធកញ្ញា ​រៀបការជាមួយលោក អ៊ឹង សុខលី ប្អូនថៅកែហង្សមាស លោកឧកញ៉ា អ៊ឹង ឆៃងួន នោះ នាងនឹងក្លាយទៅជាតារាចម្រៀងស្រីម្នាក់ ដែលមានឥទ្ធិពលជាងគេ និងអាចលើកតម្កើងខ្លួននៅហង្សមាស ដើម្បីឲ្យតារារួមទ្រនំ ត្រូវគោរពកោតខ្លាចអំណាចរបស់នាង ជាមិនខានឡើយ។ ប៉ុន្តែអ្វីដែលនឹកស្មានដល់នោះ គឺការពិតមិនដូច្នោះឡើយ ខណៈដែលតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានគេដឹងថា ទោះបីជានាងជិតក្លាយខ្លួន ជាប្អូនថ្លៃថៅកែហង្សមាស ពេញច្បាប់ពិតមែន ប៉ុន្តែចរិតលក្ខណៈរបស់នាងគឺនៅដដែល ហើយក៏មិនបានយកអំណាចជាប្អូនថ្លៃ ថៅកែមកអួតអាង ដាក់នរណាឡើយ។

ការអះអាងបែបនេះ ដោយសារ ឱក សុគន្ធកញ្ញា​ ជាអ្នកចម្រៀងស្រីនាំមុខគេនៅហង្សមាសស្រាប់ ហេតុនេះហើយពេលក្លាយទៅប្អូនថ្លៃថៅកែនោះ រឹតតែត្រូវផលិតកម្មលើកស្ទួយថែមទៀត ជាមិនខានឡើយ ហើយសម្រាប់តារាស្រីផ្សេងទៀត ដែលចង់បានតំណែងនេះ សូមកុំមានក្តីស្រមៃតទៅទៀតអី ព្រោះហង្សមាសនឹងមិនលើកតារាស្រីណា ជាងប្អូនថ្លៃលោកថៅកែឡើយ។ ប៉ុន្តែផ្ទុយពីការសន្និដ្ឋានបែបនេះ ព្រោះតារាចម្រៀងរួមអាជីពជាមួយ ឱក សុគន្ធកញ្ញា បានអះអាង​ថា តាំងពីភ្ជាប់ពាក្យហើយរហូតមកដល់ពេលនេះ ឱក សុគន្ធកញ្ញា គ្មានប្រែប្រួលចិន្តាខុសពីមុននោះទេ។ ហេតុនេះហើយបានជាមានអ្នកចម្រៀងនៅហង្សមាស ពេញចិត្តនាងច្រើនជាងការមិនចូលចិត្ត។

ប្រភពព័ត៌មានទាំងនោះ បានបន្ថែមទៀតថា ឱក សុគន្ធកញ្ញា មិនដែលចាត់ទុកថា នាងជាប្អូនថ្លៃលោកថៅកែហង្សមាស​ទៀតផង ហើយចំណុចដែលថា ហង្សមាស មិនលើកតារាស្រីណាឲ្យល្បីជាង សុគន្ធកញ្ញា នោះ មិនត្រូវបានអ្នកចម្រៀងស្រី ដែលស្និទ្ធស្នាលជាមួយ សុគន្ធកញ្ញា ​​នោះ យល់ស្របនោះឡើយ។​ តារាចម្រៀងដែលនៅទ្រឹងនៅហង្សមាស តែក្រាញមិនដើរចេញនោះ បានឲ្យដឹងថា ពេលនេះ សុគន្ធកញ្ញា នៅតែមានទីផ្សារខ្លាំងដដែល តែបើធ្លាក់ហើយ ហង្សមាស នឹងលើកតារាផ្សេងវិញហើយ ព្រោះថា​ក្រុមហ៊ុននេះ​គេរកស៊ីតម្រូវទៅតាមទីផ្សារជាក់ស្តែង មិនមែនលើកអ្នកច្រៀងអត់កើតនោះទេ គឺលើកអ្នកមានសមត្ថភាព។

ទោះជាយ៉ាងណា មង្គលការរវាងឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី មិនទាន់ត្រូវបានកំណត់ពេលវេលាជាក់លាក់នោះទេ បន្ទាប់ពីពួកគេបានទិញផ្ទះវីឡា ទ្រនំស្នេហ៍តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីអ័រគីដេវីឡា (ផ្លូវ២០០៤) ហើយថ្មីៗនេះ បានបណ្តើរគ្នាទៅសាងស្នេហ៍នៅកោះម៉ាល់ឌីវ យ៉ាងផ្អែមល្ហែមនោះ៕