(កោះកុង)៖ ពិតជារឿងមួយគួរឲ្យកោតសរសើរ សម្រាប់ទឹកចិត្តរបស់តារាចម្រៀង និងតារាកំប្លែង នាយ 4G និង ជីណា ព្រមទាំងក្រុមការងារ ដែលបានពុះពារធ្វើដំណើរពីភ្នំពេញ ទៅកាន់ទឹកដីនៃតំបន់អារ៉ែង ដែលជាតំបន់ដាច់ស្រយាល ក្នុងស្ថានភាពផ្លូវដ៏លំបាក ដើម្បីចែកអំណោយដល់សិស្សានុសិស្ស មានជីវភាពក្រីក្រ និងលោកគ្រូអ្នកគ្រូ ដែលកំពុងបង្រៀងនៅសាលាបឋមសិក្សា ចំនួន៣នាតំបន់នោះ។

ទោះបីត្រូវឆ្លងកាត់ការលំបាកជាច្រើន តាមរយៈការធ្វើដំណើរតាមផ្លូវ រាប់រយគីឡូម៉ែត្រក្តីក៏ នាយ 4G និងជីណា ព្រមទាំងក្រុមសប្បុរសជន បានធ្វើដំណើរទៅដល់គោលដៅ ពោលគឺតំបន់ព្រៃភ្នំដ៏ល្បីនៅកម្ពុជា គឺតំបន់អារ៉ែង នៃស្រុកថ្មបាំង ខេត្តកោះកុង។ នាយ 4G បានបញ្ជាក់ថា នេះគឺជាកម្មវិធីសិល្បៈ នៃការចែករំលែកដែលបានបង្កើតឡើង ដោយក្រុមហ៊ុនខុនសណ្តាប់ KSD ពុះដីឡូតិ៍ និងផ្ទះល្វែង។ ជាទឹកចិត្តអាណិតស្រឡាញ់ក្មេង និងគោរពលោកគ្រូអ្នកគ្រូ ដែលបានលះបង់ក្នុងការបង្រៀនពួកគាត់ ទោះជាលំបាកបន្តិចក៏នៅតែជំនះ។ តំបន់ខ្លះកំថាឡើយឡាន ម៉ូតូជិះទៅដល់សូម្បីតែដើរដំណើរ ដោយជើងក៏ពិបាក និងមានភ្លៀងផងក៏ដោយ។ ថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកជិត៣០នាក់ បានធ្វើដំណើរទៅកាន់ទឹកនដីនោះ ដោយផ្ទាល់ដើម្បីចែកជាសម្ភារៈសិក្សាដល់ប្អូនៗ និងផ្តល់ជាគ្រឿងឧភោគបរិភោគ និងថវិការលោកគ្រូអ្នកគ្រូ ក្នុងម្នាក់ៗ៤០ម៉ឺនរៀលផងដែរ។

នាយ 4G បានបន្តទៀតថា ជាដើមឆ្នាំសិក្សាថ្មី ទើបជួយសម្រួលដល់ពួកគាត់ខ្លះ ដែលសរុបនៃការចំណាយ គឺប្រមាណជាង១ម៉ឺនដុល្លារអាមេរិក ជាបន្ទុករបស់ក្រុមហ៊ុន និងមានការជួយចែករំលែក ជួយពីក្រុមបុគ្គលិកផងដែរ។ ទោះឆ្លងកាត់ការលំបាក ក៏ក្រុមការងារថ្នាក់ដឹកនាំបានបង្ហាញពីអារម្មណ៍ សប្បាយរីករាយដែលបានរួមចំណែក ជួយដល់កិច្ចការងារសង្គម បើទោះបីជាចំនួនេះមិនច្រើនក៏ពិតមែន ប៉ុន្តែវាបានឆ្លុះបញ្ចាំង ពីការជួយគ្នាទៅវិញទៅមក និងបណ្តុះស្មារតី និងសិល្បៈនៃការចែករំលែក។

នាយ 4G ដែលជាបុគ្គលិកផ្នែកទីផ្សារ ក្នុងក្រុមហ៊ុននេះផងដែរ បានបញ្ជាក់ថា កន្លងមកថ្នាក់ដឹកនាំ និងបុគ្គលិកក៏ធ្លាប់ធ្វើសកម្មភាពសប្បុរសធម៌បែបនេះ នៅលើទឹកដីនៃខេត្តក្រចេះ ហើយគឺជាសកម្មភាពចុះផ្ទាល់ សួរសុខទុក្ខ ចែករំលែកក្តីស្រឡាញ់ចំពោះក្មេងៗ។ ក្នុងពេលដ៏ខ្លីខាងមុខនេះក្រុមហ៊ុន នឹងបន្តចេញទៅសាលាបឋមសិក្សាមួយ នៅខេត្តក្រចេះនោះជាថ្មី ក្រោយពីមើលឃើញពីភាពខ្វះខាតសម្ភារៈសិក្សា អណ្តូងទឹកនៅសាលាមួយនោះ។

លោករំពឹងថា ការចែកក្តីស្រឡាញ់ ថវិកានេះនឹងក្លាយជាទៅជាកម្លាំងចិត្ត សម្រាប់ប្អូនៗបន្តការខិតខំតស៊ូសិក្សារៀនសូត្រ និងបន្តយកចំណេះដឹងនោះជួយខ្លួនឯង គ្រួសារ និងសង្គមជាតិ នៅថ្ងៃអនាគត៕