(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ Deportivo Alaves បានឡើងទៅឈរនៅកំពូលតារាងនៃលីគកំពូលអេស្ប៉ាញ La Liga Santander បណ្តោះអាសន្ន ក្រោយយកឈ្នះម្ចាស់ផ្ទះ Celta Vigo ដោយលទ្ធផល ១-០ ក្នុងសប្តាហ៍ទី៩ ជើងទី១ នៃរដូវកាលថ្មីឆ្នាំ២០១៨-២០១៩។

១គ្រាប់ចូលទីយ៉ាងស្អាតរបស់កីឡាករ Pina នៅនាទីទី៥៨ បានជួយឲ្យ Alaves រកបាន ១៧ពិន្ទុនៃមុខក្រុមលេខ២ Sevilla ដែលមាន ១៦ពិន្ទុ មុនពេលក្រុមមួយនេះ (Sevilla) ធ្វើដំណើរទៅជួបម្ចាស់ផ្ទះការពារជើងឯក FC Barcelona នៅយប់រំលងអាធ្រាត្រនេះ។

ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Abelardo ពុំធ្លាប់ឈ្នះពានរង្វាន់ធំណាមួយនៅឡើយទេ បន្ទាប់ពីពួកគេបានចាញ់ Liverpool នៅវគ្គផ្តាច់ព្រ័ត្រនៃពាន UEFA Cup ក្នុងឆ្នាំ២០០១ និងចាញ់ Barcelona ក្នុងឆ្នាំ២០១៧ នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់លំដាប់ទី២ Copa del Rey របស់អេស្ប៉ាញ៕