(ប៉ារីស)៖ គ្រូបង្វឹក Thierry Henry បានថ្លែងថា រូបលោកនឹងយករូបមន្តរបស់គ្រូបង្វឹកក្លឹប Manchester City លោក Pep Guardiola ក្នុងការបង្វឹក ក៏ដូចជាដឹកនាំក្រុមបារាំង AS Monaco លេងក្នុងពានរង្វាន់ Ligue 1។

បុរសជនជាតិបារាំង វ័យ៤១ឆ្នាំ Henry ត្រូវបានតែងតាំងជាគ្រូបង្វឹកដំបូងក្នុងក្លឹប Monaco កាលពីសប្តាហ៍មុន ជំនួសកៅអីគ្រូបង្វឹក Leonardo Jardim ដែលត្រូវបានបណ្តេញចេញពីតំណែង ដោយសារតែដឹកនាំ Monaco ធ្លាក់ក្បែរបារាំងនារដូវកាលថ្មីឆ្នាំ២០១៨-២០១៩នេះ។

Henry ក៏ធ្លាប់ត្រូវបានគ្រូបង្វឹកអេស្ប៉ាញ Pep បង្វឹកផងដែរកាលលេងឲ្យ FC Barcelona ដោយបានជួយឲ្យក្លឹបនៅ តំបន់ Catalan មួយនេះឈ្នះជើងឯក La Liga បាន២ដង និង UEFA Champions League ម្តងថែមទៀតផង មុនពេលមកចុះកិច្ចសន្យាដឹកនាំ Monaco ដល់ឆ្នាំ២០២១ ក្រោយពេលចាកចេញពីតំណែងគ្រូជំនួយក្នុងក្រុមជម្រើស ជាតិប៊ែលហ្ស៊ិក។

Henry បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់តាំងពីឆ្នាំ២០១៤ ក្នុងក្លឹបចុងក្រោយ New York Red Bulls ហើយក៏ជាអតីតកីឡាករនៃក្លឹប Juventus និងកាំភ្លើងធំ Arsenal ផងដែរ ដែលធ្លាប់ជួយក្រុមជម្រើសជាតិមាន់គកបារាំង ឈ្នះជើងឯក World Cup 1998 និងជើងឯកអឺរ៉ុប European Championship ២ឆ្នាំក្រោយ ពីការចូលលេង បាន១២៣ប្រកួត និងស៊ុតបញ្ចូលទីបាន ៥១គ្រាប់៕