(កូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយកាលពីថ្ងៃអង្គារថា ម៉ាឡេស៊ីនឹងចាប់ផ្តើមកាត់បន្ថយការឧបត្ថម្ភធន លើប្រេងឥន្ធនៈ ដើម្បីពង្រឹងស្ថានភាពសារពើពន្ធរបស់ខ្លួន ដោយចាប់ផ្តើមពីប្រេងម៉ាស៊ូត ពោលគឺជាការផ្លាស់ប្តូរមួយ ដែលនឹងជួយសន្សំប្រាក់ប្រហែល ៤ពាន់លានរីងហ្គីត (៨៥២លានដុល្លារ) ជារៀងរាល់ឆ្នាំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក អានវ៉ា បានប្តេជ្ញាម្តងហើយម្តងទៀតថា នឹងងាកចេញពីការឧបត្ថម្ភធន ដែលសំដៅលើមនុស្សគ្រប់គ្នានេះ ហើយងាកទៅរកប្រព័ន្ធមួយ ដែលមានគោលដៅច្បាស់លាស់ ដែលភាគច្រើនជួយដល់ក្រុម ដែលមានប្រាក់ចំណូលទាប។

ម៉ាឡេស៊ីឧបត្ថម្ភធនលើប្រេងឥន្ធនៈ ប្រេងឆា និងអង្ករក្នុងចំណោមទំនិញផ្សេងទៀត ប៉ុន្តែការកើនឡើងតម្លៃទំនិញ បានមើលឃើញថា ការចំណាយកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ថវិការបស់រដ្ឋាភិបាល។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក អានវ៉ា បានឱ្យដឹងថា ការសន្សំពីការកាត់ប្រាក់ឧបត្ថម្ភធននេះ អាចត្រូវបានយកទៅប្រើប្រាស់ចំពោះអ្នកខ្វះខាត រួមទាំងជំនួយជាសាច់ប្រាក់សម្រាប់ផ្តល់ ជូនម្ចាស់រថយន្តម៉ាស៊ូតដូចជាកសិករធ្វើស្រែ និងពាណិជ្ជករខ្នាតតូចជាដើម។

លោកនាយករដ្ឋមន្ត្រី អានវ៉ា បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖ «ខ្ញុំបានរំឮកថា ការឧបត្ថម្ភធនដែលកំណត់គោលដៅណាមួយ មិនគួរជាបន្ទុកដល់ប្រជាជនភាគច្រើនទេ»។ លោកបានបន្ថែមថា កំណែទម្រង់ការឧបត្ថម្ភធនប្រេងម៉ាស៊ូត នឹងពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ នៅក្នុងឧបទ្វីបម៉ាឡេស៊ីតែប៉ុណ្ណោះ។

លោកមិនបានផ្តល់កាលបរិច្ឆេទថា តើការកាត់បន្ថយឧបត្ថម្ភធននេះ នឹងចូលជាធរមាននៅពេលណាទេ ដោយគ្រាន់តែនិយាយថា ព័ត៌មានលម្អិតបន្ថែមនឹងត្រូវប្រកាសនៅពេលក្រោយ។

យោងតាមច្បាប់ថវិការបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសម៉ាឡេស៊ីត្រូវបានព្យាករថានឹងចំណាយប្រាក់ចំនួន ៥២,៨ពាន់លានរីងហ្គីតលើការឧបត្ថម្ភធននិងជំនួយសង្គមនៅឆ្នាំនេះ ធ្លាក់ចុះពីចំនួនប្រមាណ ៦៤,២ពាន់លានរីងហ្គីតក្នុងឆ្នាំ២០២៣។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕