(បាងកក)៖ តម្លៃនាំចេញអង្កររបស់ប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេលជាងបីខែ ដោយសារការផ្គត់ផ្គង់តិចតួច និងតម្រូវការខ្លាំង ខណៈដែលតម្លៃនាំចេញរបស់អង្ករឥណ្ឌា នៅតែមានកម្រិតថេរដោយសារតម្រូវការមិនសូវល្អ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្លៃអង្ករប្រភេទបាក់ ៥% របស់ប្រទេសថៃបានបន្តឡើងថ្លៃរហូតដល់ ៦៣២ ទៅ ៦៤០ដុល្លារក្នុងមួយតោនធៀបនឹង ៦០០ដុល្លារកាលពីសប្តាហ៍មុន។

ពាណិជ្ជករមួយរូប ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានប្រាប់រ៉យទ័រថា ការកើនឡើងនេះគឺដោយសារតែការផ្គត់ផ្គង់ធ្លាក់ចុះ។ ពាណិជ្ជករដដែលបានបន្ថែមថា មានតម្រូវការខ្លាំងពីប្រទេសឥណ្ឌូនេស៊ី និងប្រេស៊ីលដែលរងគ្រោះដោយទឹកជំនន់។

ការជន់លិចដីស្រែចំការ និងទីប្រជុំជននៅភាគខាងត្បូងប្រទេសប្រេស៊ីល បានសម្លាប់មនុស្ស សត្វពាហនៈ បង្កឱ្យជាប់គាំងហេដ្ឋារចនាសម្ព័ន្ធ និងកំពុងរារាំងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិនានា ទៅកាន់រោងចក្រកែច្នៃក្នុងស្រុក និងកំពង់ផែ Rio Grande។

ពាណិជ្ជករដែលមានមូលដ្ឋាននៅទីក្រុងបាងកកម្នាក់ទៀត បាននិយាយថា តម្រូវការនិងសកម្មភាពក្នុងស្រុកក៏មានភាពអ៊ូអរផងដែរ ហើយការផ្គត់ផ្គង់ថ្មីនឹងមកដល់ក្នុងខែកក្កដា។

អង្ករប្រភេទស្ងោរបាក់ ៥% របស់ឥណ្ឌាមានតម្លៃពី ៥៣១ ដល់ ៥៣៩ដុល្លារក្នុងមួយតោនក្នុងសប្តាហ៍នេះដែលមិនផ្លាស់ប្តូរធៀបនឹងសប្តាហ៍មុន។ ទន្ទឹមនឹងនេះដែរ អង្ករប្រភេទបាក់ ៥% ពីប្រទេសវៀតណាមមាតម្លៃពី ៥៨៥ ទៅ ៥៩០ដុល្លារក្នុងមួយតោននៅថ្ងៃព្រហស្បតិ៍ កើនឡើងពី ៥៨៥ដុល្លារក្នុងសប្តាហ៍កន្លងមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕