(ភ្នំពេញ)៖ លោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់ និងអ្នកគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន Emirates បានថ្លែងថា ក្រុមហ៊ុន Emirates មានបណ្តាញអាកាសចរណ៍ប្រមាណជាង ១៤០ប្រទេស ដែលលោកសង្ឃឹមថា តាមរយៈការភ្ជាប់ជើងហោះហើរឡើងវិញរវាងកម្ពុជា និងឌួបៃ នឹងនាំយកភ្ញៀវទេសចរ​ និងវិនិយោគិនពីបណ្តាប្រទេសនានា មកកម្ពុជា។

លោក Nabil Sultan គូសបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងពីធីអបអរសាទរជើងហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ​​ពីទីក្រុងឌួបៃ មកភ្នំពេញ ​នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤​ ដោយបានបាននាំអ្នកដំណើរចម្រុះជាតិសាសន៍ប្រមាណជិត ១៨០នាក់ពីទីក្រុងឌួបៃ មកភ្នំពេញ។

លោកបញ្ជាក់ថា មូលហេតុដែលជំរុញឱ្យ ក្រុមហ៊ុន Emirates បើកដំណើរជើងហោះហើរពីឌួបៃមកកម្ពុជាឡើងវិញ ដោយសារកម្ពុជា គឺជាទិសដៅដ៏​មានសក្តានុពល ដោយសារកម្ពុជាមានបេតិកភណ្ឌវប្បធម៌ដ៏សំបូរបែប និងប្រាសាទបុរាណដ៏ល្បីរន្ទឺ ដែលអាចនឹងទាក់ទាញភ្ញៀវទេសចរបានច្រើនបន្ថែមទៀត មកពីបណ្តាប្រទេសផ្សេងៗ។

ជាមួយគ្នាកម្ពុជា សម្រេចបាននូវនូវកំណើនសេដ្ឋកិច្ច​រីកចម្រើន​គួរឱ្យកត់សម្គាស់ ក៏ដូចជាការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ដែលធ្វើឱ្យកម្ពុជានឹងក្លាយជាគោលដៅទាក់ទាញ សម្រាប់ការធ្វើដំណើរកម្សាន្ត និងអាជីវកម្ម។ ទាំងអស់នេះហើយ ដែលក្រុមហ៊ុន Emirates បានឃើញពីឱកាស និងសក្តានុពលក្នុងការភ្ជាប់ការហោះហើររវាងកម្ពុជា និងឌួបៃ។

លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា ការចាប់ផ្ដើមជើងហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មកកាន់កម្ពុជា ​គឺបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្ត ក្នុងការបង្កើនឱ្យមានភាពងាយស្រួល និងលទ្ធភាពប្រើប្រាស់កាន់តែច្រើនបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និង ភ្ញៀវទេសចរទាំងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម។

លោកថា ការត្រឡប់មកវិញនេះ ក៏ដោយសារកម្ពុជារក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងគោលនយោបាយបើកជើងមេឃរបស់សម្តេចតេជោ ហ៊ុន សែន និងអនុវត្តបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕