(ភ្នំពេញ)៖ រយៈពេល៤ខែ ឆ្នាំ២០២៤នេះ ដោយសារអាកាសធាតុ​ក្តៅ និងការអូសបន្លាយនៃរដូវប្រាំង បានធ្វើឱ្យការផលិតអំបិលនៅខេត្តកែប សម្រេចបានប្រមាណជិត ៤ម៉ឺនតោនកើនឡើងក្នុងកម្រិតខ្ពស់ ដែលនឹងធ្វើឱ្យការផ្គត់ផ្គង់គ្រប់ តាមតម្រូវការនៅទូទាំងប្រទេស។

លោក ភោគ សុខេន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៤នេះ ខេត្តកែបផលិតអំបិលបានចំនួន ៣៧​ ២៩៨តោន បើធៀបនឹងឆ្នាំមុន មួយឆ្នាំពេញផលិតអំបិលបានត្រឹមតែចំនួន ២​ ៥១៥ តោនប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាមិញ តម្លៃអំបិលនៅឆ្នាំនេះ បែរជាធ្លាក់ចុះ។

បច្ចុប្បន្ននេះតម្លៃអំបិលលក់ក្នុង១បាវ (ចំណុះ៥០គីឡូក្រាម) មានតម្លៃចាប់ពី ៦,០០០រៀល ទៅ១០,០០០រៀល តាមប្រភេទអំបិល​ ពោល គឺម្លៃអំបិលឆ្នាំនេះ មានការថយចុះជាងឆ្នាំមុនៗ។ ​

លោកបានឱ្យដឹងថា ជាទូទៅការផលិតអំបិលនៅខេត្តកែប គឺផ្គត់ផ្គង់ក្នុងខេត្ត និងតាមបណ្តាខេត្តផ្សេងៗ ក្នុងប្រទេស។

បើតាមលោក ភោគ សុខេន​ បច្ចុប្បន្នខេត្តកែប មានផ្ទៃដីស្រែអំបិលសរុបចំនួន ៤៩៧.៨៧ ហិកតា ផ្ទៃដីស្រែអំបិលផលិតជាក់ស្តែងមានចំនួន ៣៥១.៥០ហិកតា និងកសិករផលិតអំបិលចំនួន ៨ក្រុម។

ក្រោមកម្តៅថ្ងៃ កម្មកររែកអំបិលមួយក្រុម ដែលភាគច្រើនជាស្ត្រី ស្ថិតក្នុងភូមិអ្នកចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប កំពុងមមាញឹកនឹងការប្រមូលផលអំបិលក្នុងស្រែ រែកយកទៅចាក់ក្នុងឃ្លាំង ដែលមានចម្ងាយមិនឆ្ងាយប៉ុន្មានពីស្រែអំបិល។

ឈរក្នុងស្រែអំបិល ដៃកាន់ខ្នៀសកាយអំបិលដែលពូនជាពំនូកៗ បញ្ចូលក្នុងបង្គី រួចរែកអំរែកអំបិលដែលមានទម្ងន់ខ្ទង់ ២០គីឡូក្រាម កម្មកររែកអំបិល បានឆ្លើយតបជាមួយអ្នកសារព័ត៌មាន Fresh News ដោយក្តីរាក់ទាក់ថា ដោយសារឆ្នាំនេះ អំណោយផលដល់ឧស្សាកម្មអំបិល (អាកាសធាតុក្តៅ អត់ភ្លៀង) បានធ្វើឱ្យទិន្នផលអំបិលកើនឡើងខ្លាំង។ ក្នុងមួយស្រែអំបិល (១០ម៉ែត្រ គុណ ១០ម៉ែត្រ) អាចប្រមូលផលបានខ្ទង់ ៥០ទៅ៦០អំរែក ដោយក្នុង១អំរែកស្មើនឹងចន្លោះ១៥-២០គីឡូក្រាម។

តាមការបញ្ជាក់របស់កម្មករស្រែអំបិល ពួកគាត់រែកអំបិលគិតជាស្រែ ដោយក្នុង១ព្រឹកអាច ចន្លោះម៉ោង៥ព្រឹក ដល់ម៉ោង៩ព្រឹក កម្មករ២នាក់ អាចទទួលបានចំណូល ៥០០០០រៀល។

សូមជម្រាបថា ខេត្តកំពត និងកែប គឺជាទីតាំងផលិតអំបិលនៅកម្ពុជា។ កាលពីឆ្នាំ២០២៣ ខេត្តទាំងពីរផលិតអំបិល បានបានសរុបចំនួន៨១ ៩០៤ តោន លើផ្ទៃដីស្រែអំបិលជាង ៣ពាន់ហិកតា សម្រាប់ផ្គត់ផ្គង់ប្រជាជនទូទាំងប្រទេស ដោយពុំមានការនាំចូលអំបិលពីបរទសនោះទេ។

​តាមក្រសួងឧស្សាហកម្មបញ្ជាក់ថា បច្ចុប្បន្ននេះ ផ្ទៃដីផលិតអំបិលនៅកម្ពុជា មានចំនួន ៣,៩៨៧.៣៥ ហិកតា ក្នុងនោះនៅខេត្តកំពត ៣ ៤៨៩.៤៨ ហិកតា និងខេត្តកែប ៤៩៧.៨៧ ហិកតា។ ចំណែកក្រុមផលិតមានចំនួន១៩១ក្រុម ក្នុងនោះខេត្តកំពតផលិតបាន ៧៨ ៤៨៤ តោន និងខេត្តកែបផលិតបាន ៣ ៤១៩តោន។ សិប្បកម្មចំនួន ៣២មូលដ្ឋាន ក្នុងចំណោម ៥៤មូលដ្ឋាន ដែលទទួលបាន អាជ្ញាបណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិ សម្គាល់អំបិលដែលបានបញ្ចូលអីយ៉ូដ។

ក្រសួងបានរៀបចំគម្រោងវាស់វែង ធ្វើបច្ចុប្បន្នភាពកំណត់ផែនទីដីស្រែអំបិល និងចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការអភិរក្ស និងការអភិវឌ្ឍដីសអំបិលខេត្តកំពត និងខេត្តកែបជាបន្តបន្ទាប់ និងបានចេញប្រកាស ស្តីពីគោលការណ៍បង្កើត និងគ្រប់គ្រងសហគមន៍អំបិលខេត្តកំពត-កែប និងសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សព្វផ្សាយប្រកាស និងជំរុញបង្កើតសហគមន៍អ្នកផលិតអំបិលខេត្តកំពត កែប៕