(ប៉េកាំង)៖ ទិន្នន័យឧស្សាហកម្មបានបង្ហាញកាលពីថ្ងៃសុក្រថា ទិន្នផលមាស និងការប្រើប្រាស់មាសរបស់ប្រទេសចិន បានកើនឡើងជាលំដាប់ក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ។

ទីភ្នាក់ងារព័ត៌មានស៊ិនហួបានរាយការណ៍ ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយ ដោយសមាគមមាសចិន (CGA) ថា ប្រទេសចិនផលិតមាសបានចំនួន ៨៥,៩៥៩តោននៅក្នុងត្រីមាសទីមួយឆ្នាំនេះ កើនឡើង ១,១៦ភាគរយធៀបនឹងឆ្នាំរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យរបស់សមាគម CGA បានបង្ហាញថា ក្នុងរយៈពេលបីខែដំបូងនេះ ការប្រើប្រាស់មាសនៅក្នុងប្រទេសចិនមានចំនួន ៣០៨,៩០៥តោន កើនឡើង ៥,៩៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះជាយ៉ាងណា ការប្រើប្រាស់គ្រឿងអលង្ការមាស នៅក្នុងទីផ្សារប្រទេសចិនបានធ្លាក់ចុះ ៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកនៅត្រឹម ១៨៣,៩២២តោន ខណៈដែលមាសដុំនិងកាសមាសបានកើនឡើង ២៦,៧៧ភាគរយធៀបនឹងរយៈពេកដូចគ្នាកាលពីឆ្នាំមុនដល់ ១០៦,៣២៣តោន។

ការប្រើប្រាស់មាសសម្រាប់ឧស្សាហកម្ម និងការប្រើប្រាស់ផ្សេងទៀតបានកើនឡើង ៣,០៩ភាគរយនៅត្រីមាសទី១ ឆ្នាំនេះធៀបនឹងត្រីមាសទី១ ឆ្នាំមុនដល់ ១៨,៦៦តោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានស៊ិនហួ៕