(ភ្នំពេញ)៖ លោក អ៊ុំ កុសល អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានបង្ហាញពីចំណុចសំខាន់ៗមួយចំនួនដល់ក្រុមហ៊ុន ក៏ដូចជាប្រជាកសិករ ក្នុងការជំរុញការនាំចេញផ្លែស្វាយរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

ក្រោមជំនួយឧបត្ថម្ភពីធនាគារអភិវឌ្ឍអាស៊ី ADB តាមរយ: Landell Mills ដែលអនុវត្តគម្រោងដោយ ក្រុមហ៊ុន អង្គរហ្គ្រីន និងក្រុមហ៊ុន Grove Fruit Growers បានសហការគ្នាបើកវគ្គសិក្ខាសិលាផ្តួចផ្តើម ការនាំចេញស្វាយកម្ពុជា ទៅទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

សិក្ខាសាលានេះ រៀបចំឡើងក្រោមការចូលរួមពី លោក អ៊ុំ កុសល អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម, លោក ចាន់ សុភ័ក្ត ប្រធាននាយកប្រតិបត្តិ, លោកស្រី ខូរី ខាវឺរ នាយិការក្រុមហ៊ុន GFGC ប្រចាំកម្ពុជា និងសហរដ្ឋអាមេរិក លោក វ៉ាន់ រិទ្ធី នាយកប្រតិបត្តិគម្រោងនាំចេញ Angkor Mango នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។

លោក អ៊ុំ កុសល បានថ្លែងឱ្យដឹងថា «ដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងការនាំផ្លែស្វាយស្រស់ទៅកាន់ក្រៅប្រទេស ចាំបាច់ត្រូវការកែលម្អគុណភាព ស្ដង់ដារសុវត្ថិភាព ដើម្បីបំពេញតម្រូវការទីផ្សារ។ លើសពីនេះការស្រាវជ្រាវទីផ្សារតាមគោលដៅ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីតម្រូវការផ្លែស្វាយស្រស់ និងការនាំចេញ។ ទន្ទឹមនឹងនេះកំណើននៃការកែច្នៃស្វាយ បានបង្ហាញពីឱកាសក្នុងការអភិវឌ្ឍន៍ និងពង្រីកវិសាលកម្មកែច្នៃដែលមានតម្លៃបន្ថែម»។

លោកបានបន្ដថា កម្មវិធីសិក្ខាសាលារៀបចំឡើងដោយ ក្រុមហ៊ុន អង្គរហ្គ្រីន និងក្រុមហ៊ុន Grove Fruit Growers នៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ ដែលយើងអាចពិភាក្សា លើកកម្ពស់ទៅលើពិពិធកម្មសេដ្ឋកិច្ច ក្នុងការបង្កើតការប្រកួតប្រជែង តាមរយៈការនាំចេញផ្លែស្វាយ។

លោក អ៊ុំ កុសល បានបញ្ជាក់បន្ថែមថា សិក្ខាសាលានេះធ្វើឡើង ដើម្បីឱ្យយើងត្រៀមខ្លួន ក្នុងការនាំចេញនូវឧស្សាហកម្មស្វាយរបស់កម្ពុជា តាមរយៈការពិភាក្សាលើដំណោះស្រាយ បញ្ហាប្រឈមសំខាន់ៗមួយចំនួន ក៏ដូចជាឱកាសសម្រាប់ដំណើរការ នៃការនាំចេញផ្លែស្វាយ។

សូមបញ្ជាក់ថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនអង្គរហ្គ្រីន បានសហការជាមួយនាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ (PPSPSD) នៃអគ្គនាយកដ្ឋានកសិកម្ម ដោយគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) គម្រោង Feed the Future, Cambodia Harvest-II/III បានបណ្តុះបណ្តាលអ្នកផលិតសា្វយប្រមាណ១២០រូប លើគោលការណ៍អនុវត្តកសិកម្មល្អកម្ពុជា ( Cam-GAP ) និងបានជួយកសិករក្នុងការទទួលបានវិញ្ញាបនបត្រចុះបញ្ជីចម្ការអនុវត្តកសិកម្មល្អ៕