(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា បើសិនជាប្រទេសមួយ ដែលមានប្រជាជនទិញធានារ៉ាប់រងទាំងអស់ គឺរស់នៅដោយមានសន្ដិភាពផ្លូវចិត្ដ និងមិនសូវបារម្ភ មានពេលជួបហានិភ័យអ្វីមួយកើតឡើង។

លោកបានលើកជាឧទាហរណ៍នៅប្រទេសផ្សេងៗ ទាំងក្នុងតំបន់ និងពិភពលោក គឺយានយន្តត្រូវមានកាតព្វកិច្ចទិញធានារ៉ាប់រង ដូច្នេះនៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើនឡើង គឺក្រុមហ៊ុនធានារ៉ាប់រងទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនេះ ប៉ុន្តែសម្រាប់កម្ពុជា នៅពុំទាន់មានកាតព្វកិច្ចធានារ៉ាប់រងយានយន្ត នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង បើសិនទារសំណងបានពីជនបង្កមិនជាបញ្ហា ប៉ុន្តែបើមិនទទួលសំណងនោះ ជាបន្ទុកធ្ងន់សម្រាប់ជនរងគ្រោះ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា «យានយន្ដត្រូវមានកាតព្វកិច្ចទិញធានារ៉ាប់រង បច្ចុប្បន្នយើងអត់ទាន់មាន បានន័យថា គ្រោះថា្នក់ចរាចរណ៍កើតឡើង បើទាមទារបានសំណង់ ពីអ្នកបង្កអត់អីទេ ប៉ុន្ដែអត់បាន ជនរងគ្រោះត្រូវទទួលផលពិបាក ទទួលបន្ទុកហិរញ្ញវត្ថុ ដែលត្រូវចាយខ្លួនឯង [...] បើសិនជាប្រទេសមួយ ដែលមានប្រជាជនទិញធានារ៉ាប់រងទាំងអស់ បានន័យថា រស់ដោយសន្ដិភាព»

សូមស្តាប់ការលើកឡើងរបស់លោកលោក ប៊ូ ច័ន្ទភីរូ៖