(ហៃហ្វុង)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀងណាម VinFast បានឱ្យដឹងនៅថ្ងៃពុធថា ក្រុមហ៊ុនបានជំរុញការចែកចាយរថយន្តនៅក្នុងត្រីមាសទីមួយ ហើយបានបង្កើនប្រាក់ចំណូលរបស់ខ្លួនបីដងធៀបនឹងឆ្នាំមុន បើទោះបីជាការខាតបង់សុទ្ធបានកើនឡើង ៣,៥ភាគរយក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន VinFast បានឱ្យដឹងថា ខ្លួនបានចែកចាយរថយន្តជិត ៩ ៧០០គ្រឿងក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះកើនឡើង ៤៤៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកស្រី Thuy Le ប្រធានក្រុមហ៊ុន VinFast បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ជាងពាក់កណ្តាលនៃចំនួនរថយន្តដែលបានចែកចាយបានប្រគល់ទៅឱ្យក្រុមហ៊ុនប្រតិបត្តិការរថយន្តតាក់ស៊ី Green SM ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន និងក្រុមហ៊ុនផ្តល់សេវាជួលរថយន្តដែលគាំទ្រដោយស្ថាបនិកក្រុមហ៊ុន VinFast ចំណែកឯរថយន្ត ៤ភាគរយផ្សេងទៀតត្រូវបានប្រគល់ជូនក្រុមហ៊ុនបុត្រសម្ព័ន្ធ Vinhomes។

ក្រុមហ៊ុន VinFast បានបន្ថែមថា ខ្លួនកំពុងរក្សាគោលដៅចែកចាយរថយន្តប្រចាំឆ្នាំ២០២៤ ចំនួន ១សែនគ្រឿងដដែលទោះបីជាការប្រកួតប្រជែងតម្លៃខ្លាំង និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលប៉ះពាល់ដល់ចក្ខុវិស័យសម្រាប់ការលក់រថយន្តក៏ដោយ។

អ្នកស្រី Thuy បានថ្លែងបន្ទាប់ពីការចេញផ្សាយប្រាក់ចំណូលនេះថា៖ «ក្រុមហ៊ុន VinFast មើលឃើញថា អស្ថិរភាពសេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយដែលកំពុងបន្តនៅទូទាំងពិភពលោកជាបញ្ហាប្រឈមក្នុងរយៈពេលខ្លី»

ប្រាក់ចំណូលប្រចាំត្រីមាសទីមួយរបស់ក្រុមហ៊ុនបានកើនឡើងបីដងធៀបនឹងឆ្នាំមុនដល់ ៣០២,៦លានដុល្លារ បើទោះបីជាទាបជាង ៣១ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំមុនក៏ដោយ។ ការខាតបង់សុទ្ធបានកើនឡើង ៣,៥ភាគរយដល់ ៦១៨លានដុល្លារធៀបនឹងឆ្នាំមុន ប៉ុន្តែទាបជាង ១២,៣ភាគរយធៀបនឹងត្រីមាសមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕