(ភ្នំពេញ)៖ លោកបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ បាន​គូសបញ្ជាក់ថា អ្នកចែកចាយបន្ត អ្នកលក់រាយ និងសកម្មភាពអាជីវកម្មដែលផ្គត់ផ្គង់បន្តលើផលិតផលស្រា បារី នឹងមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈទៀតនោះទេ ពោល គឺរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យយកអាករ សម្រាប់បំភ្លឺសាធារណៈតែមួយលើកគត់ នៅដំណាក់កាលដំបូងនៃការផ្គត់ផ្គង់ គឺនៅពេលផ្គត់ផ្គង់ចេញពីរោងចក្រ ចំពោះផលិតផលដែលផលិតក្នុងស្រុក ឬនៅពេលនាំចូល ចំពោះផលិតផលនាំចូល។

បណ្ឌិត អេង រតនា លើកឡើងបែបនេះធ្វើឡើងនៅក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ក្រោមប្រធានបទ «អាករពិសេស អាករសម្រាប់បំភ្លឺសាធារណៈ និងកាតព្វកិច្ចបិទតែមប្រិ៍អាករសម្រាប់ផលិតផលបារី»។

បណ្ឌិត អេង រតនា បានបញ្ជាក់បន្ថែមថា ការអនុញ្ញាតបន្ធូរបន្ថយឱ្យគិតអាករសម្រាប់បំភ្លឺសាធារណៈតែមួយលើក គឺកើតចេញពីការស្នើសុំពីវិស័យឯកជន ដើម្បីដោះស្រាយផលវិបាក និងភាពស្មុគស្មាញនៃការគិតអាករ សម្រាប់បំភ្លឺសាធារណៈ នៅគ្រប់ដំណាក់កាលនៃការផ្គត់ផ្គង់។ ​

​លោកបណ្ឌិតបានឱ្យដឹងទៀតថា អាករពិសេសត្រូវបានប្រមូលក្នុងគោលបំណង ដោះស្រាយផលប៉ះពាល់អវិជ្ជមាន និងទប់ស្កាត់ហានិភ័យផ្នែកសុខភាព សង្គម បរិស្ថាន តាមរយៈការកំហិតការប្រើប្រាស់ផលិតផល ឬសេវាដែលមានលក្ខណៈប្រណិត និងមិនចាំបាច់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទំនិញនិងសេវាដែលជាកម្មវត្ថុនៃការប្រមូលអាករពិសេស មានជាអាទិ៍ស្រា ស្រាបៀរ ស៊ីហ្គា បារី ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ភេសជ្ជៈគ្មានជាតិសុរាមួយចំនួន ផលិតផលប្លាស្ទិក ស៊ីម៉ងត៍គ្រប់ប្រភេទ សេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាស សេវាលំហែកម្សាន្ត និងសេវាទូរស័ព្ទជាដើម។

ដោយឡែកការផ្គត់ផ្គង់ និងចែកចាយផលិតផលបារី នៅលើទីផ្សារត្រូវមានកាតព្វកិច្ចបិទតែមប្រិ៍ លើគ្រប់កញ្ចប់បារី ក្នុងនោះបារីផលិតក្នុងស្រុកត្រូវបិទតែមប្រិ៍ របស់អគ្គនាយកដ្ឋានពន្ធដារ ខណៈបារីនាំចូលត្រូវបិទតែមប្រិ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្របតាមប្រកាសលេខ ១៤៨០ សហវ.ប្រក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការប្រើប្រាស់តែមប្រិ៍អាករ សម្រាប់បង់អាករពិសេសលើផលិតផលបារី៕