(ភ្នំពេញ)៖ លោកស្រី កែវ មុំ ម្ចាស់ក្រុមហ៊ុន នំស្រួយលីលី បានលើកឡើងថា ការដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិង អេមីរ៉ាតអារ៉ាប់រួម គឺជាការបើកទីផ្សារថ្មីសម្រាប់ផលិតផលកម្ពុជា ហេតុដូច្នេះហើយលោកស្រីលើកទឹកដល់ម្ចាស់ឧស្សាហកម្មបង្កើនការផលិត ឱ្យមានគុណភាព និងបរិមាណ ដើម្បីចាប់យកទីផ្សារថ្មី។

ក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បានជូនដំណឹងដល់ផលិតករ និងអ្នកនាំចេញទាំងអស់ អំពី ការដាក់ឱ្យអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិង អេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដែលកិច្ចព្រមព្រៀងនេះ នឹងផ្តល់លទ្ធភាពឱ្យកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពង្រីកកិច្ចសហការប្រតិបត្តិការ ក្នុងវិស័យសក្តានុពលនានា ធ្វើពិពិធកម្មទីផ្សារ សម្រាប់នាំចេញទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម តំបន់មជ្ឈឹមបូពា និងអាហ្រ្វិកខាងជើង ព្រមទាំងជួយជំរុញ និងទាក់ទាញក្រុមហ៊ុនវិនិយោគ និងភ្ញៀវទេសចរពីអេមីរ៉ាតអារ៉ាប់រួម មកកាន់កម្ពជាផងដែរ។

ស្របពេលជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មនឹងដាក់ឱ្យអនុវត្តការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ CAMBODIA UNITED ARAB EMIRATES COMPREHENSIVE ECONOMIC PARTERSHIP។

លោកស្រី កែវ មុំ បានគូសបញ្ជាក់ថា នេះគឺជាឱកាសល្អមួយ សម្រាប់ផលិតករកម្ពុជា ក៏ដូចក្រុមហ៊ុនផលិតនំស្រួយលីលី ក្នុងការចាប់យកទីផ្សារនេះ សម្រាប់នាំចេញផលិតផលនាពេលខាងមុខ ខណៈស្រីចង់បង្ហាញថា ផលិតផលនំស្រួយលីលី បានប្រើប្រាស់នូវវត្ថុធាតុដើមអង្ករផ្ការំដួល ដែលជាប្រភេទអង្ករជាប់ចំណាត់ថ្នាក់លេខមួយ នៅលើពិភពលោក។

ជាមួយគ្នានេះ លោកស្រីបានលើកទឹកចិត្តដល់ម្ចាស់ឧស្សាហកម្មដទៃទៀត ខិតខំប្រឹងប្រែងផលិតទំនិញក្នុងបរិមាណឱ្យកាន់តែច្រើន ដើម្បីជំរុញឱ្យថ្លៃដើមសមរម្យ អាចប្រកួតប្រជែងក្នុងទីផ្សារបាន។

លោកស្រីបន្តថា «បច្ចុប្បន្នយើងឃើញថា ផលិតកម្មក្នុងស្រុកគាត់មានសមត្ថភាពផលិត នូវផលិតផលដែលប្រើប្រាស់វត្ថុធាតុដើមរបស់ខ្មែរ មានរសជាតិឈ្ងុញឆ្ងាញ់ ប៉ុន្តែការផលិតរបស់គាត់នៅមានកម្រិត ដែលធ្វើឱ្យថ្លៃដើមខ្ពស់ ពិបាកប្រកួតប្រជែងក្នុងទីផ្សារ»

តាមរយៈកិច្ចព្រមព្រៀង កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម កម្ពុជានឹងទទួលបានទីផ្សារប្រមាណ៩៧.៨% នៃបន្ទាត់ពន្ធសរុប ឬស្មើនឹងចំនួន ៧ ៦៧៨ បន្ទាត់ពន្ធ។ មុខទំនិញសំខាន់ដែលកម្ពុជា ទទួលបានទីផ្សារ គឺស្ទើរតែគ្រប់មុខទំនិញទាំងអស់ ក្នុងនោះរួមមានមុខទំនិញកសិកម្ម មានដូចជាអង្ករ ស្វាយចន្ទី បន្លែ ផ្លែឈើ ចេក ស្វាយ ពោត ម្រេច ទុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ ជាដើម។

ចំណែកមុខទំនិញឧស្សាហកម្ម រួមមាន៖ កង់ គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី និងមុខទំនិញ វាយនភ័ណ្ឌរួមមាន កាបូបធ្វើដំណើរ ស្បែកជើង សម្លៀកបំពាក់ ប៉ុន្តែលើកលែងទំនិញហាមឃាត់ និងទំនិញពិសេសកំណត់ដែលភាពច្រើនជាគ្រឿងស្រវឹង និងសាច់ជ្រូក។

ចំណែកកម្ពុជា នឹងផ្តល់ទីផ្សារប្រមាណ ៩១.៦២% នៃបន្ទាត់ពន្ធសរុប ឬស្មើ១០ ៤៥៧ បន្ទាត់ពន្ធ។ មុខទំនិញសំខាន់ៗ ដែលកម្ពុជាផ្តល់ទីផ្សាររួមមាន៖ ប្លាស្ទិក កៅស៊ូ ផលិតផលប្រេងឆៅមួយចំនួន ក្រដាស ដែក និងដែកថែប ឧបករណ៍អគ្គិសនី យានយន្តសម្រាប់ដឹកទំនិញ ត្រាក់ទ័រ។-ល-។

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀង Cambodia-UAE CEPA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទី៣ ក្នុងកម្រិតទ្វេភាគី បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ៕