(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលវគ្គទី២ នៃកម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម សហគ្រិនខ្មែរ​បានផ្តល់រង្វាន់លើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យមចំនួន៥ ក្នុងចំណោម៣០ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។

កម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម មានគោលបំណងលើកកំពស់សមត្ថភាព ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យម ក្នុងការកៀរគរថវិកាពីខាងក្រៅ ដោយការកសាងជំនាញ ចំណេះដឹង និងសមត្ថភាព និងបង្កើតបណ្តាញជាមួយវិនិយោគិន និងធនាគារិក។ កម្មវិធីនេះ​បានកំណត់ និងជ្រើសរើសសហគ្រាសធុនតូចនិងមធ្យមដែលមានសក្តានុពល និងត្រូវបានលើកទឹកចិត្តដែលពួកគេបានជម្នះបញ្ហាប្រឈមក្នុងការពង្រីកប្រតិបត្ដិការអាជីវកម្មរបស់ពួកគេដោយប្រើប្រាស់ហិរញ្ញប្បទានពីខាងក្រៅ។

សហគ្រាសធុនតូច និងមធ្យមដែលបានជ្រើសរើសបានទទួលការបណ្តុះបណ្តាលស៊ីជម្រៅនិងបានទទួល ការណែនាំផ្ទាល់ និងការគាំទ្រការប្រឹក្សាកម្រិតខ្ពស់ពីអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ដំណើរការកៀរគរថវិការបស់ពួកគេ។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ណ នាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍ថា «កម្មវិធីនេះត្រូវបានរៀបចំឡើងជាពិសេសដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទទួលបានហិរញ្ញប្បទានពាណិជ្ជកម្ម បន្ថែមពីលើការផ្តល់ហិរញ្ញប្បទានឥតសំណង ដែលជាការធានានិរន្តរភាពនៃយន្តការគាំទ្ររបស់ របស់សហគ្រិនខ្មែរ»។

លោក​បានបន្ថែមថា សហគ្រិនខ្មែរ គឺធ្វើការគាំទ្រ និងអភិវឌ្ឍដល់ប្រព័ន្ធអេកូឡូស៊ីវិនិយោគដ៏រស់រវើក ហើយកម្មវិធីនេះនឹងបង្កើនចំនួនក្រុមហ៊ុនដែលអាចមានសមត្ថភាពក្នុងការទទួលបានការវិនិយោគ ហើយកម្មវិធីនេះនឹងក្លាយ​ជាប្រព័ន្ធ តភ្ជាប់ និងបង្កើនឱកាសវិនិយោគ រវាងសហគ្រាសធុនតូច និងមធ្យម ជាមួយអ្នកវិនិយោគ និងធនាគារ។

សហគ្រិនខ្មែរ សូមថ្លែងអំណរគុណដល់ធនាគារ ABA, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុAMK, ADB, ធនាគារ Wing និង ធនាគារSME សម្រាប់មូលនិធិឧបត្ថម្ភរបស់ពួកគេ។ ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់ស្ថាប័នហិរញ្ញវត្ថុក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនតូច និងមធ្យម ដ៏រឹងមាំ ដោយផ្តោតលើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញវត្ថុ៕