(ភ្នំពេញ)៖ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា បច្ចុប្បន្នចរន្ដនៃការប្រើប្រាស់ប្រាក់រៀល របស់ប្រជាពលរដ្ឋនឹងបន្ដកើនឡើងកាន់តែខ្លាំង ក្នុងនោះគ្រប់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បានជំរុញការប្រើប្រាស់ប្រាក់រៀលយ៉ាងផុសផុល តាមរយៈការបញ្ជូលប្រាក់រៀល តាមទូ ATM ការទទួលប្រាក់បញ្ញើជាប្រាក់រៀល ឬផ្ដល់ឥណទានជាប្រាក់រៀលជាដើម។

ការលើកឡើងរបស់លោក រ័ត្ន សោភ័ណ ធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃការបង្កើតសមាគមធនាគារនៅកម្ពុជា
ក្រោមមូលបទ៖ «៣០ ឆ្នាំនៃការរីកចម្រើន និងមិត្តភាព» នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

លោក រ័ត្ន សោភ័ណ បានថ្លែងឲ្យដឹងថា ការរក្សាបានស្ថិរភាពអត្រាប្ដូរប្រាក់រប្រាក់រៀល គឺមានចំណុចសំខាន់ ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងមានសារៈសំខាន់ ក្នុងការធ្វើឲ្យប្រាជាពលរដ្ឋមានទំនុកចិត្តលើប្រាក់រៀល។ ជាទិសដៅរបស់ធនាគារជាតិនៃកម្ពុជា និងវិស័យធនាគារទាំងមូល គឺធ្វើយ៉ាងណារក្សាអត្រាប្ដូរ​ប្រាក់នេះឲ្យបានច្រើន។

លោកបានបន្ដថា «ក្នុងនោះត្រូវលើកតម្កើនការប្រើប្រាស់ប្រាក់រៀល តាមរយៈការបង្កើតឲ្យមានផលិតផលជាប្រាក់សន្សំ, ប្រាក់ឥណទាន ហើយរហូតមកដល់ពេលនេះ ប្រាក់ឥណទានជាប្រាក់រៀលមាន១១ភាគរយ ចំណែកប្រាក់បញ្ញើជាប្រាក់រៀល ក៏មានកំណើនគួរសមផងដែរ។ ជាក់ស្ដែងអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងវិស័យធនាគារប្រាក់រៀល ត្រូវបានជំរុញគ្រប់ទូ ATM មានន័យថា សាធារណជនអាចដកប្រាក់រៀល គ្រប់ទីកន្លែងគ្រប់ទូ ATM»

លោកបានបន្ថែមថា ប្រព័ន្ធទូរទាត់ប្រាក់នាពេលបច្ចុប្បន្ននេះ កាន់តែទូលំទូលាយ ក្នុងនោះមានប្រព័ន្ធបាគង និងប្រព័ន្ធផ្សេងៗជាច្រើនទៀត ដែលអាចទូទាត់ជាប្រាក់រៀល និងមានភាពងាយស្រួល ជាក់ស្ដែងសម្រាប់បណ្ដាធនាគារទាំងអស់ក៏ដូចគ្នា គឺមានគណនីទាំងប្រាក់រៀល និងប្រាក់ដុល្លារ ក្នុងនោះសមាគមធនាគារ និងពង្រឹងការទូទាតជាប្រាក់រៀលឲ្យបានច្រើនបន្ថែមទៀត៕