(ហ្សាការតា)៖ ក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី បានចេញបទប្បញ្ញត្តិរឹតបន្តឹងការនាំចូល ទំនិញអេឡិចត្រូនិក រួមទាំងម៉ាស៊ីនត្រជាក់ ទូទឹកកក និងកុំព្យូទ័រយួរដៃ ដែលជាវិធានការមួយសំដៅធ្វើឱ្យប្រសើរឡើងនូវភាពប្រាកដប្រជានៃការវិនិយោគ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ចំណាត់ការនេះធ្វើឡើងតាមបទប្បញ្ញត្តិ កាលពីចុងឆ្នាំមុន ដោយប្រទេសដែលមានសេដ្ឋកិច្ចធំបំផុត របស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ដើម្បីរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូលជាច្រើន រាប់ចាប់ពីគ្រឿងផ្សំម្ហូបអាហារ និងគ្រឿងអេឡិចត្រូនិក រហូតដល់សារធាតុគីមី។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា បទប្បញ្ញត្តិដែលបានចុះថ្ងៃទី១ ខែកុម្ភៈ ប៉ុន្តែបានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះ ត្រូវបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងការតវ៉ាពីសំណាក់សមាគមធុរកិច្ច អំពីផលប៉ះពាល់លើទីផ្សារក្នុងស្រុក ដោយសារលំហូរចូលទំនិញនាំចូល។

យោងតាមបទប្បញ្ញត្តិនេះ គោលបំណង គឺដើម្បីអភិវឌ្ឍវិស័យអេឡិចត្រូនិកក្នុងស្រុក ហើយផលិតផលមួយចំនួននឹងតម្រូវឱ្យមានការអនុញ្ញាតនាំចូល និងរបាយការណ៍របស់អ្នកអង្កេត។

លោក Priyadi Arie Nugroho មន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «បទប្បញ្ញត្តិនេះមិនមានន័យថារដ្ឋាភិបាលប្រឆាំងនឹងការនាំចូលទេ ប៉ុន្តែជាការរក្សាបរិយាកាសអាជីវកម្មឧស្សាហកម្ម ក្នុងស្រុកឱ្យមានភាពអំណោយផល ជាពិសេសសម្រាប់ផលិតផលដែលផលិតក្នុងស្រុក»។

លោក Priyadi បានថ្លែងថា ក្នុងឆ្នាំ២០២៣ ឧស្សាហកម្មទំនិញអគ្គិសនី និងអេឡិចត្រូនិករបស់ប្រទេសឥណ្ឌូណេស៊ី បានផលិតម៉ាស៊ីនត្រជាក់ចំនួន ១,២លានគ្រឿង ខណៈដែលប្រទេសនេះមានសមត្ថភាពផលិតបានចំនួន ២,៧លានគ្រឿង។ ឥណ្ឌូណេស៊ីបាននាំចូលម៉ាស៊ីនត្រជាក់ចំនួន ៣,៨លានគ្រឿងកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕