(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញ ការវិនិយោគក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី របស់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៧ របស់វិនិយោគិន និង ធុរជនក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញ ដែលជាសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ។

គម្រោងទាំងនោះរួមមាន: គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលដំណើរការបានភ្លាមក្នុងឆ្នាំ ២០២៤ ជាអាទិ៍ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែដូង, គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន, គម្រោងសណ្ឋាគារ និងកាស៊ីណូ, គម្រោងសួនកម្សាន្តលើទឹកសមុទ្រ, គម្រោងអគារស្នាក់នៅរួម និងគម្រោងពេទ្យធ្មេញ។ គម្រោងទាំងនេះ ជាគម្រោងចម្រុះ ដែលមានម្ចាស់ជាជនជាតិខ្មែរ និងបរទេស និងមានទំហំតូច មធ្យម និងធំ។

បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងផុលផុស, អង្គប្រជុំបានបានឯកភាពជាគោលការណ៍ លើការផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និង ការសម្រួលនីតិវិធី ជូនគម្រោងវិនិយោគ/ធុរកិច្ចចំនួន៦ ដែលមានទំហំទុនវិនិយោគសរុបប៉ាន់ប្រមាណ ៧៣ លានដុល្លារអាមេរិក។

សូមជម្រាបជូនថា ចាប់ពីខែ កុម្ភៈ ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ក្នុងការផ្តល់អត្ថប្រយោជន៍ពិសេស ដល់គម្រោងវិនិយោគ/ធុរកិច្ច ចំនួន ៧ ដែលជាគម្រោងអគារសហកម្មសិទ្ធិ (អគារស្នាក់នៅរួម), សណ្ឋាគារ និង មជ្ឈមណ្ឌលទេសចរណ៍។ សម្រាប់ដើមខែមេសា ឆ្នាំ២០២៤, ក្រុមការងារក៏បាន និងកំពុងទទួល និងពិនិត្យពាក្យស្នើនានាចំនួន១៦ គម្រោង ព្រមទាំងកំពុងអនុវត្តវិធានការផ្សេងទៀត ដែលបានដាក់ចេញក្នុង «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែលរួមមាន៖ ការសិក្សាកំណត់តំបន់វិនិយោគ ឬ តំបន់អភិវឌ្ឍន៍ និងការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិដ្ឋាការពិសេសរយៈពេលវែង សម្រាប់ការទិញ ឬ ការជួលអចលនវត្ថុ ដែលមានតម្លៃចាប់ពី ១០០ ០០០ ដុល្លារអាមេរិកឡើង នៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកជំរុញសកម្មភាពវិនិយោគ និង ការអភិវឌ្ឍ។

បណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ ជាពិសេស ការប្តេជ្ញា និងឆន្ទៈខ្ពស់របស់ក្រុមការងារ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចនៅខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ។

ទន្ទឹមនេះ ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕