(គូឡាឡាំពួរ)៖ អាជ្ញាធរម៉ាឡេស៊ីបានឱ្យដឹងនៅថ្ងៃអង្គារថា ម៉ាឡេស៊ីបានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta និងក្រុមហ៊ុន TikTok របស់ចិនបង្ហាញផែនការប្រយុទ្ធប្រឆាំងនឹងមាតិកាដែលបង្កគ្រោះថ្នាក់នៅលើអ៊ីនធឺណិត បន្ទាប់ពីប្រទេសនេះបានរាយការណ៍ពីការកើនឡើងយ៉ាងខ្លាំងនូវមាតិកាគ្រោះថ្នាក់លើបណ្តាញទំនាក់ទំនងសង្គម។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយគណៈកម្មាធិការទំនាក់ទំនងនិងពហុព័ត៌មាន និងនគបាលជាតិថា រដ្ឋាភិបាលម៉ាឡេស៊ីបានរាយការណ៍ករណីបែបនេះជាង ៥ម៉ឺនករណីទៅកាន់បណ្តាញទំនាក់ទំនងសង្គមផ្សេងៗ រួមទាំង Facebook និង TikTok ក្នុងរយៈពេលបីខែដំបូងក្នុងឆ្នាំនេះ។ ស្ថាប័នទាំងពីរបានបន្ថែមថា ចំនួនករណីសម្រាប់រយៈពេលពេញមួយឆ្នាំមុនមានប្រហែល ៤៣ ០០០ករណីប៉ុណ្ណោះ។

ខណៈដែលពួកគេមិនបានបញ្ជាក់ពីឧទាហរណ៍ណាមួយអំពីករណីដែលត្រូវបានរាយការណ៍ទាំងនោះ អាជ្ញាធរបាននិយាយថា ពួកគេមានការព្រួយបារម្ភជាពិសេសចំពោះសារបង្ហោះទាក់ទងនឹងពូជសាសន៍ សាសនា និងរាជវង្ស។

ក្រុមហ៊ុនបច្ចេកវិទ្យាទាំងពីរបានចូលរួមកិច្ចប្រជុំមួយដែលដឹកនាំដោយរដ្ឋមន្ត្រីទូរគមនាគមន៍ម៉ាឡេស៊ីលោក Fahmi Fadzil កាលពីថ្ងៃចន្ទ ហើយក្រុមហ៊ុនត្រូវបានប្រាប់ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងការត្រួតពិនិត្យរបស់ខ្លួនរួមទាំងការដកចេញសារបង្ហោះណាដែលពាក់ព័ន្ធនឹងការបោកប្រាស់ និងការលេងល្បែងស៊ីសងខុសច្បាប់។

សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា៖ «ក្រុមហ៊ុន TikTok និងក្រុមហ៊ុន Meta ត្រូវបានតម្រូវឱ្យផ្តល់ផែនការ និងយុទ្ធសាស្រ្តធ្វើឱ្យប្រសើរឡើង រួមជាមួយនឹងព័ត៌មានលម្អិតទូលំទូលាយ ដូចដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំ»។

មិនមានការកំណត់ពេលវេលាដែលតម្រូវឱ្យប្រគល់ជូនផែនការនោះ ឬមានបញ្ជាក់ពីការផាកពិន័យនោះទេ ប្រសិនបើក្រុមហ៊ុនមិនបានអនុវត្តតាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕