(ប៉េកាំង)៖ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) ធំបំផុតរបស់ប្រទេសចិន បានរាយការណ៍ថា ការលក់រថយន្តអគ្គិសនីនៅត្រីមាសទី១ ឆ្នាំ២០២៤ បានធ្លាក់ចុះ ៤៣ភាគរយធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ ដោយបានប្រគល់តំណែងជាអ្នកលក់រថយន្តអគ្គិសនីធំបំផុត របស់ពិភពលោកទៅឱ្យក្រុមហ៊ុន Tesla វិញបន្ទាប់ពីបានយកឈ្នះកាលពីឆ្នាំមុន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ឯកសាររបស់ក្រុមហ៊ុន BYD ដែលបានផ្ញើទៅកាន់ផ្សារហ៊ុនហ្សិនជិន កាលពីថ្ងៃចន្ទថា ក្រុមហ៊ុនផលិតរថយន្តចិនមួយនេះ បានលក់រថយន្តអគ្គិសនីបានចំនួន ៣០០ ១១៤គ្រឿងនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ដែលធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ប្រចាំត្រីមាសដែលមានចំនួន ៥២៦ ៤០៩គ្រឿងដែលបានលក់ចេញក្នុងរយៈពេល ៣ខែមុននៅពេលដែលក្រុមហ៊ុននេះ បានវ៉ាដាច់ក្រុមហ៊ុប Tesla។

បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ការលក់នៅត្រីមាសទីមួយ របស់ក្រុមហ៊ុន BYD បានកើនឡើង ១៣,៤ភាគរយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ការធ្លាក់ចុះការលក់ប្រចាំត្រីមាស របស់ក្រុមហ៊ុន BYD មានន័យថា ក្រុមហ៊ុន Tesla បានយកមកវិញ នូវតំណែងជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុត ប្រចាំត្រីមាសដោយក្រុមហ៊ុនអាមេរិកមួយនេះ លក់បានចំនួន ៣៨៦ ៨១០គ្រឿងធ្លាក់ចុះ ២០,២ភាគរយធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៣ និងធ្លាក់ចុះ ៨,៥ភាគរយបើធៀបនឹងត្រីមាសទី១ ឆ្នាំមុន។

ការធ្លាក់ចុះការលក់របស់ក្រុមហ៊ុន Tesla បានកើតមានឡើងក្នុងគ្រា ដែលមានការធ្លាក់ចុះតម្រូវការរួម និងមានការថមថយនៅក្នុងទីផ្សារប្រទេសចិន ជាទីដែលមានការប្រកួតប្រជែងខ្លាំង ពីសំណាក់ក្រុមហ៊ុនក្នុងស្រុក BYD។ ក្រុមហ៊ុន Tesla បានលក់រថយន្តផលិតនៅប្រទេសចិនបានចំនួន ៨៩ ០៦៤គ្រឿងក្នុងខែមីនា កើនឡើង ០,២ភាគរយធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យរបស់សមាគមរថយន្តដឹកអ្នកដំណើរ របស់ប្រទេសចិនកាលពីថ្ងៃអង្គារ៕