(ហុងកុង)៖ ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden របស់ប្រទេសចិនត្រូវបានផ្អាកក្នុងផ្សារហ៊ុនក្រុងហុងកុងនៅថ្ងៃអង្គារ ដែលការផ្អាកនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមហ៊ុនបានពន្យារពេលការចេញផ្សាយលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ របស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំជាងគេទី៧ របស់ប្រទេសចិនបើគិតការលក់កាលពីឆ្នាំមុន ស្ថិតក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេមួយចំនួនរបស់ប្រទេសចិនដែលទទួលរងវិបត្តិក្នុងវិស័យអចលនទ្រព្យ និងកំពុងត្រដាបត្រដួសជាមួយនឹងបំណុលដ៏ច្រើន ដែលជំរុញឱ្យមានការព្រួយបារម្ភអំពីស្ថិរភាពសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ឯកសាររបស់ក្រុមហ៊ុន Country Garden ដែលបានដាក់ជូនផ្សារហ៊ុនក្រុងហុងកុងថា៖ «តាមសំណើរបស់ក្រុមហ៊ុន ការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុននៅលើផ្សារហ៊ុននឹងត្រូវផ្អាក... ដោយរង់ចាំការចេញផ្សាយលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣»។

ក្រុមហ៊ុន Country Garden កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនបានពន្យារពេលចេញផ្សាយលទ្ធផលហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៣ របស់ខ្លួនដោយបានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានមួយថា ក្រុមហ៊ុន «ត្រូវការប្រមូលព័ត៌មានបន្ថែមដើម្បីធ្វើឱ្យការប៉ាន់ប្រមាណនិងការវិនិច្ឆ័យគណនេយ្យសមស្រប»។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្ថែមថា៖ «ដោយសារតែការប្រែប្រួលជាបន្តបន្ទាប់នៃឧស្សាហកម្មនេះ បរិយាកាសប្រតិបត្តិការដែលក្រុមកំពុងប្រឈមកាន់តែស្មុគស្មាញ»។

ក្រុមហ៊ុនអចលនទ្រព្យចិន Modern Land ក្រុមហ៊ុន Central China Management និងក្រុមហ៊ុន Ronshine China ស្ថិតក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតដែលភាគហ៊ុនរបស់ពួកគេត្រូវបានផ្អាកការជួញដូរផងដែរនៅក្នុងផ្សារហ៊ុនក្រុងហុងកុង។

ក្នុងឆ្នាំ២០២២ ក្រុមហ៊ុន Country Garden បានទទួលរងការខាតបង់រយៈពេលពេញមួយឆ្នាំជាដំបូងរបស់ខ្លួនចាប់តាំងពីការចុះបញ្ជីលើផ្សារហ៊ុនក្នុងឆ្នាំ២០០៧ ដោយខាតជាង ៦ពាន់លានយន់ (៨៤៤លានដុល្លារអាមេរិក)។ ក្រុមហ៊ុនបានបរាជ័យទូទាត់សងបំណុលក្រៅប្រទេស។

ក្រុមហ៊ុន Country Garden មានបំណុលប្រមាណ ១,៣៦ពាន់ពាន់លានយន់ (១៩១ពាន់លានដុល្លារ) គិតត្រឹមខែមីថុនាឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕