(ក្រចេះ)៖ ស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ដឹកនាំដោយលោក ឈើតគៀត អត្ថាករ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមជាមួយមន្ត្រីរាជការ នៃស្ថានទូតនិងវិស័យឯកជនថៃនៅកម្ពុជា ជាង២០ក្រុមហ៊ុន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានចុះទស្សនកិច្ច នៅខេត្តក្រចេះ ដើម្បីធ្វើការសិក្សាស្វែងយល់ពីឱកាសធ្វើធុរកិច្ច វិនិយោគ និងតំណរភ្ជាប់តំបន់សេដ្ឋកិច្ចថ្មី រវាងថៃ-កម្ពុជា។

ដំណើរទស្សនកិច្ចនេះ ដោយប្តេជ្ញាចិត្ត នៅក្នុងការបង្កើនផលប្រយោជន៍សេដ្ឋកិច្ចរវាងគ្នានឹងគ្នា ឲ្យកាន់តែច្រើនឡើងថែមទៀត ជាពិសេសការបង្កើននូវទំហំការធ្វើពាណិជ្ជកម្ម និងវិនិយោគ និងការជំរុញគាំទ្រ វិស័យឧស្សាហកម្មរបស់ប្រទេសទាំងពីរ អាចតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់បញ្ជូលគ្នា និងពង្រីកនូវឱកាសនៃតំណរភ្ជាប់ ទៅកាន់ប្រទេសនៅក្នុងតំបន់។

គណៈប្រតិភូដែលជាតំណាងរបស់រដ្ឋ និងឯកជនរបស់ថៃ បានធ្វើដំណើរទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសខេត្តក្រចេះ (UBE Snoul Special Economic Zone) និងបានស្តាប់អំពីការធ្វើបទបង្ហាញ ដោយលោក Hean Sopauline, Director of SEZ Operation And Management Department of CDC ដែលបានធ្វើការអត្ថាអធិប្បាយ អំពីសក្តានុពលរបស់តំបន់សេដ្ឋកិច្ចពិសេសថ្មី នៅក្នុងខេត្តក្រចេះ។

បន្ថែមពីនោះទៀត ព្រមទាំងមានការបង្ហាញឱកាស នៅក្នុងការវិនិយោគនៅក្នុងខេត្តក្រចេះ ដែលមានសក្តានុពលក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដោយបច្ចុប្បន្ននេះ មានរោងចក្រកែច្នៃកៅស៊ូ និងរោងចក្រឧស្សាហកម្ម បានបង្កើតជាបន្តបន្ទាប់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។

លោក ហេង សុថា អភិបាលរងខេត្តក្រចេះ ក៏បានទទួលស្វាគមន៍ នឹងអមដំណើរប្រតិភូទស្សនកិច្ចច្រកទ្វារអន្តរជាតិត្រពាំងស្រែ (កម្ពុជា-វៀតណាម) (Tropeang Srea International Border Check Point) ដែលបានបង្ហាញឲ្យឃើញអំពីការតភ្ជាប់គ្នារវាងកម្ពុជា និងវៀតណាម រួមទាំងឱកាសរបស់ថៃ នៅក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅទីក្រុងហូជិមិញ បានយ៉ាងស្រួលទៀតផង។

សកម្មភាពទាំងអស់ខាងលើ ជាចំណែកមួយនៃភារកិច្ចការទូតសេដ្ឋកិច្ច ស្ទុះទៅមុខរបស់ស្ថានទូតថៃប្រចាំនៅកម្ពុជា ដែលការរៀបចំសកម្មភាព នៅក្នុងការស្វែងយល់ឱកាសសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់រវាងថៃ និងកម្ពុជានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។

ហើយទន្ទឹមគ្នា ជាមួយនឹងការរៀបចំកម្មវិធីសប្បុរសធម៌ ដើម្បីជាចំណែកនៅក្នុងការអភិវឌ្ឍសង្គមនិងសហគមន៍ ដោយមានការសហការ ពីក្រុមហ៊ុនឯកជនថៃ នៅកម្ពុជា ដោយនៅក្នុងឆ្នាំនេះ ធ្វើឡើងនៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែងចន្លោះថ្ងៃទី១-៣ ខែមេសា ឆ្នាំ២០២៤ ដោយមានគោលដៅធ្វើឲ្យប្រជាជននៃប្រទេសទាំងពីរ រីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គមព្រមៗគ្នា៕