(សៀងហៃ)៖ ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន (ICBC) បានឱ្យដឹងនៅចុងសប្តាហ៍មុនថា ខ្លួននឹងគាំទ្រដល់វិធានការនានា ដែលកំពុងដំណើរការនៅក្នុងប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីរ របស់ពិភពលោក ដើម្បីរក្សាស្ថិរភាព ទីផ្សារអចលនទ្រព្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

នេះជាការលើកឡើងរបស់លោក Wang Jingwu អនុប្រធានធនាគារ ICBC ដែលជាធនាគារលំដាប់ពិភពលោក នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងមួយថ្ងៃ បន្ទាប់ពីចេញផ្សាយលទ្ធផលហិរញ្ញវត្ថុប្រចាំ ឆ្នាំរបស់ខ្លួន តែលោក Wang មិនបានបញ្ជាក់ថាតើធនាគារ ICBC នឹងផ្តល់ការគាំទ្របែបណានោះទេ។

ការប្រែប្រួលនៅក្នុងទីផ្សារអចលនទ្រព្យ របស់ប្រទេសចិន ដែលបានចាប់ផ្តើមកើតមានចេញពីគោលនយោបាយ ដែលផ្តោតលើការគ្រប់គ្រងបំណុល របស់ក្រុមហ៊ុនអភិវឌ្ឍន៍ បានមើលឃើញការបរាជ័យសងបំណុល និងការខកខានក្នុងការសងបំណុល នៅក្នុងក្រុមហ៊ុនអចលនទ្រព្យមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់ អ្នកផ្តល់ហិរញ្ញវត្ថុក្នុងវិស័យនេះ និងធ្វើឱ្យវិនិយោគិនងឿងឆ្ងល់ថា តើក្រុមហ៊ុនអចលនទ្រព្យរបស់រដ្ឋ នឹងទទួលបានការគាំទ្រពីធនាគារច្រើនជាង បើធៀបនឹងក្រុមហ៊ុនឯកជនដែរឬយ៉ាណា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍នៅដើមសប្តាហ៍មុនថា និយតករចិនកំពុងជំរុញធនាគារឱ្យបង្កើនល្បឿនការអនុម័តប្រាក់កម្ចីថ្មីទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនដែលត្រូវការប្រាក់ក្នុងគ្រាដែលស្ថាប័នផ្តល់ប្រាក់កម្ចីទាំងនេះមានការស្ទាក់ស្ទើរក្នុងការផ្តល់កម្ចីបន្ថែមដល់វិស័យដែលជួបបញ្ហានេះ។

លោក Wang បានថ្លែងថា ធនាគារ ICBC «នឹងចាត់ទុកក្រុមហ៊ុនអចលនទ្រព្យ ដោយស្មើភាពគ្នា ដោយមិនគិតពីភាពជាម្ចាស់កម្មសិទ្ធិរបស់ពួកគេ (ជាក្រុមហ៊ុនរដ្ឋ ឬក្រុមហ៊ុនឯកជន) ឡើយ»

វិស័យអចលនទ្រព្យ និងបញ្ហារបស់វិស័យនេះក៏ជាការផ្តោតមួយ សម្រាប់ធនាគារ Bank of Communications Co Ltd (BoCom) ផងដែរដែលកាលពីថ្ងៃពុធសប្តាហ៍មុន ធនាគារនេះបានបង្ហាញសមាមាត្រកាន់តែខ្ពស់ នៃប្រាក់កម្ចីមិនដំណើរការពីក្រុមហ៊ុនអចលនទ្រព្យ និងបានព្រមានពីហានិភ័យ ចំពោះគុណភាពទ្រព្យសកម្ម។

លោក Yin Jiuyong អនុប្រធានធនាគារ BoCom បានត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «សម្ពាធលើការគ្រប់គ្រងគុណភាពទ្រព្យសកម្មមានសារៈសំខាន់»។ លោកបានបន្ថែមថា ធនាគាររបស់លោក «គួរតែបង្កើនការគ្រប់គ្រងហានិភ័យ» នៃអាជីវកម្មទាក់ទងនឹងវិស័យអចលនទ្រព្យរបស់ខ្លួន។

អនុបាតកម្ចីមិនដំណើរការ របស់ធនាគារ BoCom សម្រាប់ការផ្តល់កម្ចីទៅកាន់ វិស័យអចលនទ្រព្យមានអត្រា ៤,៤៩ភាគរយនៅដំណាច់ឆ្នាំមុន ដែលកើនឡើងពី ២,៨ភាគរយនៅដំណាច់ឆ្នាំ២០២២៕