(ភ្នំពេញ)៖ អ្នកជំនួញល្បីឈ្មោះមួយរូបនៅកម្ពុជា គឺលោកបណ្ឌិត តាន់ មុនីវណ្ណ បានកត់សម្គាល់ថា វិស័យចំនួន៤ ដែលសហគ្រិនកម្ពុជាគួរងាកមកចាប់ឱកាសពង្រីក ព្រោះបើទោះបីជាសេដ្ឋកិច្ចសកលមានវិបត្តិ ដែលធ្វើឱ្យវិស័យមួយចំនួនរងផលប៉ះពាល់ ប៉ុន្តែវិស័យចំនួន៤ ហាក់មិនរងផលប៉ះពាល់នោះទេ ។

ការលើកឡើងរបស់ លោកបណ្ឌិត តាន់ មុនីវណ្ណ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ទំនាក់ទំនងរវាងទ្រឹស្តីនៃការធ្វើជំនួញ និងការអនុវត្ត»

លោកបានគូសបញ្ជាក់ថា វិស័យទាំងនោះរួមមាន វិស័យម្ហូបអាហារ វិស័យសុខាភិបាល វិស័យអប់រំ និងវិស័យបច្ចេកវិទ្យា ដែលសុទ្ធសឹងតែវិស័យមានសក្តានុពល ក្នុងការពង្រីកមុខជំនួញ ខណៈបច្ចុប្បន្ននេះ វិស័យទាំង៤នេះនៅកម្ពុជា ហាក់មិនទាន់ខ្លាំងនៅឡើយទេ។

លោកបានសម្គាល់ថា ចំពោះវិស័យម្ហូបអាហារ គឺនៅតែមានតម្រូវគ្រប់កាលៈទេសៈ ប៉ុន្តែការកែច្នៃនៅមានកម្រិត ការប្រមូលផ្តុំស្តុកផលិតផលកសិកម្ម មិនទាន់មានការគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យកម្ពុជាភាគច្រើននាំចេញវត្ថុធាតុដើម ទៅក្រៅប្រទេស។
លោកពន្យល់បន្ថែមថា «សូមឱ្យទាំងអស់គ្នា ងាកមកមើលវិស័យកែច្នៃម្ហូបអាហារ វិស័យទី២ ដែលយើងមើលឃើញថា ពេលមានបញ្ហាហើយបែរជាកើបលុយ គឺវិស័យសុខាភិបាល ។ វិស័យនេះក៏នាំលុយចេញច្រើនដែរ យើងគិតថាយើងគួរតែពង្រីកវិស័យនេះឱ្យគុណភាព គុណនិវឌ្ឍទៅ។ វិស័យទី៣ គឺវិស័យអប់រំ ប៉ុន្តែយើងក៏គិតដែរថា វិស័យអប់រំយើងដើរទាន់ស្តង់ដារអន្តរជាតិដែរ ឬអត់ ឬមួយគ្រាន់តែបើកហើយបិទទៅវិញ។ វិស័យអប់រំ គឺជាវិស័យមួយដែលល្អ យើងឃើញសាលាមួយចំនួន គឺពង្រីកថែមនៅពេលកូវីដ ហើយឥលូវក៏មានពង្រីកថែមដែរ។ មួយទៀតដែលងាកទៅបន្ទាន់ គឺវិស័យបច្ចេកវិទ្យា។ មកដល់ម៉ោងនេះអ្នកជើងខ្លាំង ខាងបច្ចេកវិទ្យា គឺកើបលុយ។ បច្ចេកវិទ្យា គឺជាវិស័យមួយដែលសហគ្រិនភាពនាំគ្នាគិត ក៏ប៉ុន្តែប្រហែលជាលំបាក ដល់សហគ្រិនភាព ដែលមិនយល់ពីគោលគំនិតរបស់បច្ចេកវិទ្យា»

លោកបន្តថា ពិភពលោកមិននៅដដែលទេ គឺមានការវិវត្តឥតឈប់ឈរ ខណៈរាជរដ្ឋាភិបាលក៏កំពុងជំរុញរដ្ឋាភិបាលឌីជីថល ហើយសូមសូម្បីតែនៅក្នុងប្រទេសអាស៊ាន ក៏គេចង់ឱ្យមានការវាស់ស្ទង់រដ្ឋាភិបាលឌីជីថលដែរ ហេតុនេះ ក្រុមហ៊ុនត្រូវដើរឱ្យទាន់ និងបញ្ជូលបច្ចេកវិទ្យា នៅក្នុងជំនួញរបស់ខ្លួន៕