(ហាណូយ)៖ ទិន្នន័យរបស់រដ្ឋាភិបាលវៀតណាមបានបង្ហាញកាលពីថ្ងៃសុក្រថា ផលិតផលក្នុងស្រុកសរុបបានកើនឡើង ៥,៦៦ភាគរយនៅក្នុងត្រីមាសទីមួយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចេញបានកើនឡើង បើទោះបីជាមានការកើនឡើងតម្លៃដឹកជញ្ជូនដោយសារភាពចលាចលនៅសមុទ្រក្រហមក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កំណើនសេដ្ឋកិច្ចក្នុងត្រីមាសចាប់ពីខែមករាដល់ខែមីនាមានអត្រាខ្ពស់ជាងកំណើន ៣,៤១ភាគរយដែលសម្រេចបានត្រីមាសទី១ កាលពីឆ្នាំមុន ប៉ុន្តែទាបជាងកំណើនដែលសម្រេចបាននៅត្រីមាសទី៤ ដែលមានអត្រា ៦,៧២ភាគរយ។ ជាទូទៅ សេដ្ឋកិច្ចនៅត្រីមាសទីមួយកើនឡើងទាបដោយសារតែមានថ្ងៃឈប់សម្រាកច្រើនថ្ងៃ។

ប្រទេសអាស៊ីអាគ្នេយ៍ដែលជាមជ្ឈមណ្ឌលផលិតកម្ម និងអ្នកនាំចេញដ៏ធំនូវទូរស័ព្ទទំនើប គ្រឿងអេឡិចត្រូនិក និងសម្លៀកបំពាក់មួយនេះ កំពុងស្វែងរកការពង្រឹងសកម្មភាពអាជីវកម្ម បន្ទាប់ពីមិនអាចសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុនដោយសារតម្រូវការពិភពលោកខ្សោយ និងកង្វះថាមពលរយៈពេលខ្លី។

វៀណាមបានកំណត់គោលដៅកំណើនផលិតផលក្នុងស្រុកសរុបចន្លោះពី ៦ ទៅ ៦,៥ភាគរយនៅឆ្នាំនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (GSO) របស់វៀតណាមថា វិស័យផលិតកម្មនិងសំណង់បានកើនឡើង ៦,២៨ភាគរយ ខណៈដែលវិស័យសេវាកម្មបានកើនឡើង ៦,១២ភាគរយនៅក្នុងត្រីមាសទីមួយឆ្នាំនេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការនាំចេញទំនិញពីប្រទេសវៀតណាមបានកើនឡើងយ៉ាងខ្លាំងនៅក្នុងត្រីមាសនេះ បើទោះបីជាមានការរំខានដល់ការដឹកជញ្ជូននៅសមុទ្រក្រហមដែលបណ្តាលមកពីការវាយប្រហាររបស់ក្រុមហ៊ូទីដែលមានការប៉ាន់ប្រមាណជាផ្លូវការថាបានជំរុញកំណើនការចំណាយពី ៥៥ភាគរយទៅ ៧៣ភាគរយសម្រាប់ទំនិញពីប្រទេសវៀតណាមក៏ដោយ។

ការនាំចេញទំនិញក្នុងត្រីមាសទី១ បានកើនឡើង ១៧ភាគរយធៀបនឹងឆ្នាំមុនដល់ ៩៣,០៦ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង ១៣,៩ភាគរយដល់ ៨៤,៩៨ពាន់លានដុល្លារ ដែលនាំឱ្យមានអតិរេកពាណិជ្ជកម្មចំនួន ៨,០៨ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕