(ចិន-ក្រុងបូអាវ)៖ លោក Zhou Qiangwu អនុប្រធានធនាគារអភិវឌ្ឍន៍ថ្មី (NDB) បាននិយាយកាលពីថ្ងៃអង្គារថា ធនាគារដែលបង្កើតឡើងដោយក្រុមប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់លឿន (BRICS) មានគោលបំណងបញ្ចេញប្រាក់កម្ចីប្រហែល ៥ពាន់លានដុល្លារក្នុងឆ្នាំនេះ។ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

លោក Zhou បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅខាងក្រៅវេទិកាបូអាវ (Boao) ប្រចាំឆ្នាំថា៖ «ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ អាជីវកម្មរបស់យើងបានរងផលប៉ះពាល់ខ្លះៗ ហើយឥឡូវនេះអ្វីៗកំពុងដំណើរការឡើងវិញ»

លោក Zhou មិនបានបញ្ជាក់លម្អិតអំពីរបៀបដែលផលប៉ះពាល់ដែលធនាគារអភិវឌ្ឍន៍មួយនេះបានទទួលងរងនោះទេ ប៉ុន្តែលោកបានថ្លែងថា ប្រទេសចិន និងឥណ្ឌាបានទទួលការវិនិយោគពីធនាគារនេះច្រើនជាងសមាជិកដទៃទៀត។

មានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ ធនាគារអភិវឌ្ឍន៍ថ្មី (NDB) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេស្គាល់ថាជាក្រុមប្រទេស BRICS ។

លោក Zhou ក៏បាននិយាយដែរថា លោករំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងមានកំណើនប្រហែល ៥ភាគរយនៅឆ្នាំនេះ ស្របតាមគោលដៅរបស់រដ្ឋាភិបាល។ នេះបើយោងតាមទីភ្នាក់ព័ត៌មានរ៉យទ័រ៕