(ភ្នំពេញ)៖ ខណៈជិតផុតឱសានវាទ កាលបរិច្ឆេទការបំពេញកាតព្វកិច្ចពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ២០២៣ ដែលត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ, លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើឲ្យអ្នកជាប់ពន្ធ ដាក់លិខិតប្រកាសបង់ពន្ធឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វើសវនកម្មមានបញ្ហា។

ការស្នើរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលា ស្ដីពី «កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)» ដែលរៀបចំឡើង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

លោក គង់ វិបុល បានបញ្ជាក់ថា «ថ្ងៃនេះ សូមជម្រាបថា ទាន់មិនទាន់យឺតពេល ក្នុងការដាក់លិខិតប្រកាស សូមដាក់លិខិតប្រកាសបង់ពន្ធ ឲ្យបានត្រឹមត្រូវ ចៀសវាងការធ្វើសវនកម្ម ឬការត្រួតពិនិត្យ មានបញ្ហាណាមួយ ព្រោះអគ្គនាយកដ្ឋានពន្ធដារ មិនចង់ទៅផាកពិន័យ បងប្អូនប្រជាពលរដ្ឋនោះទេ តែច្បាប់បានចែងមកចឹង»

លោក គង់ វិបុល បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារ អនុវត្ដតែតាមច្បាប់ និងបទប្បញ្ញត្ដិតែប៉ុណ្ណោះ ហើយបើសិនជាមិនធ្វើ មានអ្នកត្រួតពិនិត្យលើអគ្គនាយកដ្ឋានពន្ធដារផ្សេងទៀត ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គសវនកម្មជាតិជាដើម៕