(ភ្នំពេញ)៖ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីកាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration) នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះ លោក គង់ វិបុល ​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា បើសិនជាយើងទាំងអស់គ្នា គិតតែរឿងពន្ធ ភ្លេចគិតពីវិស័យសេដ្ឋកិច្ច តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏មិនកើតដែរ បើអត់មានកំណើនសេដ្ឋកិច្ច ក៏មិនមានពន្ធដែរ។

លោក គង់ វិបុល បានថ្លែងដូចនេះថា «បើសិនជាយើងខ្ញុំទាំងអស់គ្នា គិតតែរឿងពន្ធៗ ភ្លេចគិតពីរឿងវិស័យសេដ្ឋកិច្ច តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក៏អត់កើតដែរ អត់កំណើនសេដ្ឋកិច្ចក៏អត់មានពន្ធដែរ ដូចនេះយើងខ្ញុំគាំទ្រទាំងស្រុង នូវការដាក់ចេញវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការលើកលែងពន្ធនានា»

លោក គង់ វិបុល បានបញ្ជាក់ទៀតថា​ រដ្ឋាភិបាលបានធ្វើការគិតគូរវែងឆ្ងាយ មិនឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចនោះទេ គឺបានជួយដល់វិស័យដែលប៉ះពាល់ផងដែរ ជាក់ស្តែងការជួយសង្គ្រោះវិស័យទេសចរណ៍ នៅខេត្តសៀមរាប ការលើកលែងពន្ធមួយចំនួន ការលុបនូវបំណុលពន្ធ ការលើកទឹកចិត្តនានាទៅតាមច្បាប់វិនិយោគ ដើម្បីធ្វើការទាក់ទាញវិនិយោគិនមក ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល។

លោក គង់ វិបុល បានបន្ថែមថា ថ្មីៗសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវវិធានការជួយសង្គ្រោះខេត្តព្រះសីហនុ សម្រាប់អគារដែលជាប់គាំ គឺឱ្យធ្វើយ៉ាងណាមានលើកលែង លើការអនុគ្រោះពន្ធគ្រប់បែបយ៉ាង ដើម្បីធ្វើឱ្យអគារទាំងនោះ បានបញ្ចប់ការសាងសង់ និងជួយឱ្យអគារទាំងនោះបានដំណើរការ ដើម្បីអាចទទួលបានពន្ធអាករផ្សេងៗ ហើយកំណើនសេដ្ឋកិច្ចនឹងត្រឡប់មកវិញផងដែរ។

លោក គង់ វិបុល បានបន្ថែមថា នៅក្នុងបរិការណ៍នេះចំណូលពន្ធដារអាចប៉ះពាល់ ប៉ុន្តែរដ្ឋាភិបាលបានគិតគូរ សម្រាប់វិស័យសេដ្ឋកិច្ច ក្នុងការជួយសម្រាលបន្ទុក ដល់វិស័យឯកជនច្រើន ហើយតាមរយៈការបញ្ចប់ការសាងសង់អគារទាំងនោះ នឹងអាចជួយផ្តល់ការងារ ដល់ប្រជាពលរដ្ឋជាច្រើន៕