(ភ្នំពេញ)៖ ក្នុងនាមវិនិយោគិនម្នាក់ដែលកំពុងវិនិយោគក្នុងវិស័យទេសចរណ៍ ឧកញ៉ា ស្រ៊ាត មុំសុភា ​ស្ថាបនិក និងជានាយិកាប្រតិបត្តិក្រុមហ៊ុនទេសចរណ៍សូហ្វីយ៉ា បានបង្ហាញមហិច្ឆិតា​ចង់ឱ្យកម្ពុជា​​ក្លាយជាកន្លែងទេសចរមួយដែលមានសុវត្ថិភាព និងផ្តល់នូវបដិសណ្ឋារកិច្ចល្អ​ ដែលត្រូវបានទទួលស្គាល់ពីភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោក​។

ឧកញ៉ា ស្រ៊ាត មុំសុភា លើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ចកម្ពុជា រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ» របស់ទូរទស្សន៍ Fresh News។

លោកស្រីបន្តថា នៅពេលកម្ពុជា​​​ទទួលស្គាល់ជាកន្លែងទេសចរមួយ ដែលមានសុវត្ថិភាព និងផ្តល់នូវបដិសណ្ឋារកិច្ចល្អ នឹងធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិជ្រើសកម្ពុជា ជាគោលដៅទេសចរណ៍ មិនថាតែគាត់ជ្រើសរើស​លក្ខណៈដំណើរកម្សាន្តម្នាក់ឯង (Solo travel), មកជាមួយដៃគូ ឬជាមួយក្រុមគ្រួសារ ឬក៏លក្ខណៈក្រុមហ៊ុន ឬ​ជ្រើសរើសប្រទេសកម្ពុជា ជាកន្លែងប្រកួតវាយកូនហ្គោល ​ជាកន្លែងរៀបចំកិច្ចប្រជុំធំៗ និងជាកន្លែងរៀបចំកម្មវិធីសប្បុរសធម៌។

លោកស្រីបន្ថែមថា «ទទួលបានលក្ខខណ្ឌទាំងអស់នេះ លុះត្រាតែគេទទួលបានអារម្មណ៍ សុខសុវត្ថិភាព មានទំនុកចិត្តទៅលើការទទួលបដិសណ្ឋារកិច្ចល្អ ដោយមិនចាំបាច់បារម្ភថា ទៅប្រទេសកម្ពុជាបានទាល់តែស្គាល់អ្នកណាម្នាក់នៅទីនោះ។ ហេតុនេះហើយទើបម្នាក់ខិតខំទាំងអស់គ្នា ដើម្បីផ្សព្វផ្សាយទៅលើភ្ញៀវទេសចរ ឱ្យពួកគេសប្បាយចិត្ត នៅពេលដែលពួកគេឮ ឬជ្រើសរើសដំណើរកម្សាន្តមកកម្ពុជា»

សូមស្តាប់ការលើកឡើងបន្ថែមរបស់ ឧកញ៉ា ស្រ៊ាត មុំសុភា ​ស្ថាបនិក និងជានាយិកាប្រតិបត្តិក្រុមហ៊ុនទេសចរណ៍សូហ្វីយ៉ា៖