(ភ្នំពេញ)៖ ឧកញ៉ា ស្រ៊ាត មុំសុភា ស្ថាបនិក និងជានាយកប្រតិបត្ដិក្រុមហ៊ុនទេសចរណ៍សូហ្វីយ៉ា បានលើកឡើងថា មានក្រុមហ៊ុនផ្នែកទេសចរណ៍ភាគច្រើន បើកក្រុមហ៊ុនទេសចរណ៍រួចក៏ត្រូវក្ស័យធន ឬប្រឈមនឹងការក្ស័យធន ដោយសារតែក្រុមហ៊ុនផ្នែកទេសចរណ៍ភាគច្រើន គឺបើកក្រុមហ៊ុនដោយសារការចេះតពីគ្នា ពុំមានចំណេះ ពុំមានជំនាញ ឬបទពិសោធន៍គ្រប់គ្រាន់នៅលើវិស័យនេះ។

ការលើកឡើងរបស់ឧកញ៉ា ស្រ៊ាត មុំសុភា FRESH BUSINESS ធ្វើឡើងក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការអភិវឌ្ឍវិស័យបដិសណ្ឋារកិច្ចកម្ពុជា រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ »

ឧកញ៉ា ស្រ៊ាត មុំសុភា បានថ្លែងថា «ជាការពិត ខ្ញុំមិនបានផ្ដោតថា ក្រុមហ៊ុនទេសចរណ៍សូហ្វីយ៉ា ជាក្រុមហ៊ុនល្អបំផុតនោះទេ ប៉ុន្ដែនេះគ្រាន់តែជាការចែករំលែកចំណេះដឹង ក្នុងនាមជាអ្នកឈរលើវិស័យទេសចរណ៍ ប្រមាណជាង១៨ឆ្នាំមកនេះ កន្លងមកមើលឃើញថា ក្រុមហ៊ុនទេសចរភាគច្រើន ដែលបង្កើតអាជីវកម្ម លើវិស័យទេសចរណ៍ ច្រើនតែធ្វើតាមគ្នា មានន័យថា ការធ្វើអាជីវកម្មរបស់ពួកគាត់ គឺធ្វើដោយមិនបានចេះដឹងចំណេះជំនាញ ឬត្រូវទៅរៀនសូត្របន្ថែម លើការបណ្ដុះបណ្ដាលវិស័យទេសចរណ៍ឡើយ ដោយគ្រាន់មានដើមទុន ឬធ្លាប់មានបទពិសោធន៍ធ្វើការ ក្នុងក្រុមហ៊ុនទេសចរណ៍ គឺអាចបើកអាជីវកម្មនេះដោយខ្លួនឯង។ កត្តាទាំងនេះហើយដែលនាំឲ្យការបើកក្រុមហ៊ុនភាគច្រើន ប្រឈមនឹងការបរាជ័យ ព្រោះនៅពេលដែលយើងពុំមានចំណេះដឹងផ្នែកទេសចរណ៍ ប៉ុន្ដែបែរជាត្រូវបើកអាជីវកម្មផ្នែកនេះ ពិតជាមិនងាយស្រួល នឹងអាចប្រឈមហានីភ័យច្រើន»

ឧកញ៉ា ស្រ៊ាត មុំសុភា បានបញ្ជាក់ថា ក្នុងវិស័យទេសចរណ៍ មានក្រុមហ៊ុនមួយចំនួន បើកក្រុមហ៊ុនមកមិនសូម្បីតែយល់ និងដឹងអំពីអ្វីដែលហៅថា បដិសណ្ឋារកិច្ចនោះឡើយ។

លោកស្រីឧកញ៉ាបញ្ជាក់ថា «ជាក់ស្ដែងសម្រាប់ក្រុមហ៊ុនទេសចរណ៍សូហ្វីយ៉ា ទោះបីជាខ្ញុំមិនមានជំនាញ លើវិស័យទេសចរណ៍ក្ដី ប៉ុន្ដែខ្ញុំមានបទពិសោធន៍លើវិស័យទេសចរណ៍ និងផ្ដោតជាខ្លាំងក្លាលើវិស័យទេសចរណ៍ ដោយខ្ញុំបានចំណាយពេលវេលាជាច្រើន ដើម្បីបណ្ដុះបណ្ដាលអភិវឌ្ឍន៍ខ្លួនលើវិស័យទេសចរណ៍ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនដើរឆ្ពោះទៅមុខដោយរលូន»