(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំគម្រោងបញ្ជរតែមួយជាតិ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិលើកទី ៤ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងតំណាងដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យអំពី «វឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី ៣» ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្ត ក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ លើកទី៣ កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ២០២៣ និងមានរយៈពេលអនុវត្តចំនួន ១២ ខែកន្លងមក ។

«ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺពាក់ព័ន្ធនឹងការចេញអាជ្ញាប័ណ្ណ, វិញ្ញាបនបត្រ, លិខិតអនុញ្ញាត និងឯកសារផ្សេងទៀត ក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ដែលស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ព្រមទាំង ទំនិញដែលទទួលបានការលើកលែងពន្ធនិងអាករស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

«គម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី ៣» បានពង្រីកវិសាលភាពទៅក្រសួង-ស្ថាប័នចំនួន ១១ បន្ថែមទៀត ។ ទន្ទឹមនេះ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ក៏បានបន្ថែមមុខងារថ្មីចំនួន៤ រួមមាន មុខងារគ្រប់គ្រងហានិភ័យ, មុខងារនិហិតដ្ឋានឯកសារពាណិជ្ជកម្ម, មុខងារប្រតិបត្ដិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត និងមុខងារគ្រប់គ្រងគណនីប្រើប្រាស់តែមួយ ។

អង្គប្រជុំ បានវាយតម្លៃខ្ពស់ និងកត់សម្គាល់លើវឌ្ឍនភាពនៃការអនុវត្តគម្រោង ដែលក្រសួង-ស្ថាប័ន ចំនួន ៦ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងរ៉ែនិងថាមពល, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ធនាគារជាតិនៃកម្ពុជា, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមអនុវត្តសាកល្បងប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ចាប់ពីថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ ២០២៣ កន្លងមក និងក្រសួង-ស្ថាប័នមួយចំនួន បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីចូលរួមអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនាពេលដ៏ខ្លីខាងមុខ។

ផ្អែកតាមវឌ្ឍនភាពសម្រេចបានខាងលើ និងតាមរយៈការពិភាក្សារបស់អង្គប្រជុំ, អគ្គបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះក្រសួង-ស្ថាប័ន ដែលចូលរួមអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» បានពេញលេញ និងស្នើដល់ក្រសួងស្ថាប័នដែលចូលរួមពុំទាន់ពេញលេញ ឬពុំទាន់បានចូលរួមអនុវត្ត ឱ្យខិតខំ និងផ្តល់កិច្ចសហការប្រកបដោយស្មារតីបុរេសកម្ម អនុវត្តគម្រោងបញ្ជរតែមួយជាតិ ដំណាក់កាលទី ៣ ឱ្យបានជោគជ័យ ស្របតាមពេលវេលាដែលបានកំណត់។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំ គម្រោងបញ្ជរតែមួយជាតិ ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមផ្តល់មតិយោបល់ និងជាពិសេស ការបង្ហាញនូវការប្ដេជ្ញា និងឆន្ទៈខ្ពស់ក្នុងការអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនៃសេវាសារធារណៈ និងកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរ៕