(ប៉េកាំង) អ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ចកំពូល របស់ប្រទេសចិន កាលពីថ្ងៃពុធបានបង្ហាញទំនុកចិត្តថា ប្រទេសមហាអំណាចមួយនេះ អាចសម្រេចបានការស្ទុះងើបឡើងវិញដ៏រឹងមាំនៅឆ្នាំនេះ បើទោះបីជាមានឧបសគ្គបន្តបន្ទាប់ បន្តរារាំងកំណើនសេដ្ឋកិច្ចក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

គណៈប្រតិភូរាប់ពាន់នាក់ កំពុងជួបជុំគ្នានៅសប្តាហ៍នេះ នៅទីក្រុងប៉េកាំងសម្រាប់ «កិច្ចប្រជុំចំនួនពីរ» ដែលជាកិច្ចប្រជុំប្រចាំឆ្នាំរបស់សភាប្រជាជនចិន និងស្ថាប័នប្រឹក្សានយោបាយ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រផ្លូវការ សម្រាប់ឆ្នាំខាងមុខ។

ក្នុងអំឡុងព្រឹត្តិការណ៍ព័ត៌មានមួយ កាលពីថ្ងៃពុធនៅក្រៅកិច្ចប្រជុំធំ ប្រធានផែនការសេដ្ឋកិច្ចរបស់ប្រទេសចិនលោក Zheng Shanjie បានត្រូវបានទីភ្នាក់ងារព័ត៌មាន AFP ថា «លក្ខខណ្ឌអំណោយផល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងខ្លាំងជាងកត្តាមិនអំណោយផល» នៅឆ្នាំ២០២៤។

លោក Zheng បានថ្លែងនៅក្នុងសន្និសីទព័ត៌មានមួយ ដែលមានការចូលរួមដ៏កម្ររបស់មន្ត្រីដ៏មានអំណាចចំនួន ៥នាក់ មកពីផ្នែកត្រួតពិនិត្យសេដ្ឋកិច្ចនៃប្រទេសចិនថា៖ «និន្នាការនៃការស្ទុះងើបសេដ្ឋកិច្ចឡើងវិញ នឹងត្រូវបានពង្រឹងបន្ថែមទៀត»។

ការជួប្រជុំនៅឆ្នាំនេះ សម្រាប់កិច្ចប្រជុំធំចំនួនពីរកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដើម្បីរកមើលសញ្ញាគាំទ្រពីរដ្ឋបន្ថែមទៀត ដើម្បីជួយដល់សេដ្ឋកិច្ចធំទីពីរ របស់ពិភពលោកមួយនេះ ដែលបច្ចុប្បន្នកំពុងមានបញ្ហាជាច្រើនរួមមានវិបត្តិទីផ្សារអចលនទ្រព្យ ដែលកំពុងអូសបន្លាយ ការនាំចេញខ្សោយ និងការអត់ការងារធ្វើក្នុងចំណោមយុវជនខ្ពស់។

ប៉ុន្តែលោក Zheng ប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិបានទទួលស្គាល់ថា ឆ្នាំ២០២៤ ក៏នឹងជួបបញ្ហាប្រឈមផងដែរ រួមទាំង «ហានិភ័យលាក់កំបាំង» និងបរិយាកាសខាងក្រៅ «ស្មុគស្មាញ និងធ្ងន់ធ្ងរ»

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Wang Wentao បាននិយាយលម្អិតអំពីបញ្ហាប្រឈមបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានដដែលនេះ ដោយព្យាករណ៍ថានឹងមាន «សម្ពាធធ្លាក់ចុះ» ជាបន្តទៅលើកំណើនសេដ្ឋកិច្ចពិភពលោក។

ការនាំចេញរបស់ចិន ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់ ជាប្រវត្តិសាស្ត្រ បានធ្លាក់ចុះកាលពីឆ្នាំមុនពោល គឺជាការធ្លាក់ចុះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៦ ដែលឆ្លុះបញ្ចាំងពីការកើនឡើង ភាពតានតឹងជាមួយសហរដ្ឋអាមេរិក និងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ដែលកំពុងជាប់គាំង ខណៈពេលដែលទីក្រុងប៉េកាំង កំពុងតស៊ូជម្នះក្នុងការចាប់ផ្តើមជំរុញសេដ្ឋកិច្ច របស់ខ្លួនឡើងវិញ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Wang បាននិយាយកាលពីថ្ងៃពុធថា ទោះបីជាមានការស្ទុះងើបឡើងវិញ នៃការនាំចេញរបស់ចិន ក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះក៏ដោយ ក៏ខែមីនាទំនងជានឹងមើលឃើញការធ្លាក់ចុះផងដែរ។ លោកបានបន្ថែមថា៖ «ប៉ុន្តែនិន្នាការទាំងមូលគឺកើនឡើង»