(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយវិធានការរបស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ក្រោមអធិបតីភាពលោកអគ្គនាយករង ផា អេងវ៉េង តំណាងរបស់បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីធុរជនពាក់ព័ន្ធ និងមន្ត្រីគយនិងរដ្ឋាករ សរុបចំនួន ១៥៤នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងក្រើនរំលឹកដល់ធុរជននាំចូលសាច់បង្កក និងមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ច អំពីវិធានការរបស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ០៦ខែ លើការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ដែលវិធានការហាមឃាត់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានពន្យល់ជូនអង្គសិក្ខាសាលា នូវមុខទំនិញជាក់លាក់ អមដោយរូបភាព និងលេខកូដ ដែលត្រូវបានចាត់ទុកជាប្រភេទ «គ្រឿងក្នុងនិងបំណែកសាច់សត្វ» ហើយដែលជាកម្មវត្ថុនៃការហាមឃាត់នាំចូលបណ្តោះអាសន្ន។

ទន្ទឹមនេះ អង្គសិក្ខាសាលាក៏បានស្តាប់នូវការបញ្ជាក់បន្ថែម នូវខ្លឹមសារអនុក្រឹត្យលេខ ៣៧០ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដែលការនាំចូល/នាំចេញ ទំនិញដែលមានចែងក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ តម្រូវឱ្យមានអាជ្ញាប័ណ្ណ/លិខិតអនុញ្ញាតជាមុនពីក្រសួង ឬស្ថាប័នជំនាញ ។

មន្ត្រីគយ និងរដ្ឋាករបានជម្រាប ជូនអង្គសិក្ខាសាលាថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានឹងអនុវត្តវិធានការហាមឃាត់ ជាបណ្ដោះអាសន្ននេះដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសកម្ម ហើយសង្កត់ធ្ងន់ថា បទល្មើសលើវិធានការនេះនឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕