(ភ្នំពេញ)៖ ​​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ករណីវាយប្រហារកប៉ាល់ដឹកជញ្ជូនទំនិញ ពីសំណាក់ក្រុមហ៊ូទីនៅសមុទ្រក្រហម​ នឹងប៉ះពាល់ជាប្រយោលដល់តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ពោលគឺលោកបារម្ភថា ករណីនេះនឹងធ្វើឱ្យថ្លៃប្រេងឥន្ធនៈឡើងថ្លៃ ដែលជាដើមចមមួយធ្វើឱ្យតម្លៃលក់រាយប្រេងឥន្ធនៈ នៅកម្ពុជា​កើនឡើង។

លោកបន្ថែមថា ការកើនឡើងនៃតម្លៃប្រេងឥន្ទនៈនេះ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ផលិតកម្ម និងឧស្សាហកម្មមួយចំនួនផងដែរ។

លោក ប៉ែន សុវិជាតិ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលបានរៀបចំឡើងដោយក្រ​សួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤​។

លោកមានប្រសាសន៍ថា «បើយើងពិនិត្យផលប៉ះពាល់ដោយផ្ទាល់ យើងមិនឃើញធំដុំនៅឡើយទេ បើពិនិត្យលើផលប៉ះពាល់ដោយប្រយោល យើងឃើញប្រេងឥន្ធនៈបន្តឡើង តែយ៉ាងណាស្រុកខ្មែរយើងទិញពីប្រភពផ្សេងៗ ធ្វើឱ្យតម្លៃប្រេងរបស់យើងមានការឡើង និងថយចុះទៅតាមរដូវកាល ពីព្រោះយើងសំអាងទៅលើទីផ្សារចម្រាញ់ប្រេងនៅសិង្ហបុរី»

លោកលើកឡើងបន្តថា ចំពោះការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារអឺរ៉ុប មិនទាន់ផ្តល់ផលប៉ះពាល់ដោយផ្ទាល់ មកលើកម្ពុជានោះទេ ​ដោយសារផ្លូវនេះ កម្ពុជាហាក់មានការប្រើប្រាស់តិច ហើយមកទល់បច្ចុប្បន្ននេះ លោកមិនទាន់ទទួលបានដំណឹងថា ការវាយប្រហាររបស់ក្រុមហ៊ូទី ទៅលើកប៉ាល់ដឹកជញ្ជូនទំនិញនៅសមុទ្រក្រហម​ ប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញរបស់កម្ពុជានៅឡើយទេ។ ប៉ុន្តែផលអវិជ្ជមាន​ដែលបានផ្តល់ផលប៉ះពាល់នោះ គឺការឡើងថ្លៃនៃការដឹកជញ្ជូន ដែលធ្វើឱ្យថ្លៃដើមនៃទំនិញឡើងថ្លៃ ដែលជះឥទ្ធិពលដោយប្រយោល មកលើការធ្វើពាណិជ្ជកម្មរបស់កម្ពុជា​។

យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ គឺប្រេងសាំងធម្មតា មានតម្លៃ ៤.៣០០ រៀលក្នុងមួយលីត្រ​ ​និងប្រេងម៉ាស៊ូត តម្លៃ ៤.២០០ រៀលក្នុងលីត្រ​​។

សូម​ជម្រាបផងដែរថា កាលពីដើមខែមករា ឆ្នាំ២០២៤ ក្រុម​ហ៊ូទី ​នៅប្រទេសយ៉េមែន បានធ្វើការគំរាមកំហែងផ្លូវច្រកដឹកជញ្ជូន និងធ្វើទុកបុកម្នេញដល់កប៉ាល់ដឹកជញ្ជូនទំនិញពី​តំបន់អឺរ៉ុប ដែលធ្វើឱ្យនាវាដឹកជញ្ជូនទំនិញពីអឺរ៉ុបមកអាស៊ី​ ត្រូវប្រើផ្លូវវាងដែលមាន​ចម្ងាយផ្លូវឆ្ងាយជាងផ្លូវបច្ចុប្បន្ន រាប់ពាន់គីឡូម៉ែត្រ ហេតុនេះទើបកប៉ាល់ដឹកជញ្ជូនទំនិញមួយចំនួន បានដំឡើងថ្លៃដឹកជញ្ជូនទំនិញពីអឺរ៉ុបមកតំបន់អាស៊ី​​៕