(ភ្នំពេញ)៖ លោកអគ្គបណ្ឌិត-សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលពិភាក្សាការងារជាមួយនឹង លោកស្រី Anne-Marie Trevelyan រដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស និងអភិវឌ្ឍន៍ចក្រភពអង់គ្លេស ដើម្បីពិភាក្សាអំពីរបៀបវារៈសំខាន់ៗ មួយចំនួន។ ជំនួបនេះ ធ្វើឡើងនារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របៀបវារៈសំខាន់ៗ មួយចំនួន ដែលលើកយកមកពិភាក្សា នៅក្នុងជំនួបនោះ រួមមាន៖ ការរៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) នៅកម្ពុជា, ការវិនិយោគរបស់ចក្រភពអង់គ្លេស និង ការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះការនាំចេញរបស់កម្ពុជា។

ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកស្រី Anne-Marie Trevelyan នៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេស ការគាំទ្ររបស់ចក្រភពអង់គ្លេសលើការនាំចេញរបស់កម្ពុជា និងការផ្តួចផ្តើមលើការរៀបចំគម្រោង Green SEZ នៅកម្ពុជា ជាដើម ដែលកិច្ចការទាំងនេះបានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញពីស្ថានភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា ការបន្តស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ស្របតាមការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ក៏ដូចជាយុទ្ធសាស្រ្តនិងវិធានការក្នុងការកំណែទម្រង់ថ្មីៗជាបន្តបន្ទាប់ ក្នុងដើមអាណត្តិថ្មីនៃរាជរដ្ឋាភិបាល ដើម្បីកម្ពុជាអាចឈានឆ្ពោះ ដល់គោលដៅឆ្នាំ ២០៥០ ដែលជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។

លោកស្រីរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរ ឲ្យកត់សម្គាល់នៃកិច្ចសហការរវាងភាគីទាំងពីរ កម្ពុជា-អង់គ្លេស ព្រមទាំង បង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងការប្ដេជ្ញាបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងបន្តជំរុញការវិនិយោគរបស់ចក្រភពអង់គ្លេសនៅកម្ពុជា ជាពិសេស ការជំរុញការរៀបចំអភិវឌ្ឍគម្រោងតំបន់សេដ្ឋកិច្ចបៃតង ( Green SEZ) និងការខិតខំទាក់ទាញនូវវិនិយោគិនថ្មីៗរបស់អង់គ្លេសស្របតាមស្ថានភាពសេដ្ឋកិច្ចដ៏ល្អរបស់កម្ពុជា ។

ជាមួយគ្នានេះដែរ, ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការកែទម្រង់ ដើម្បីទាក់ទាញវិនិយោគិនបរទេសនៅកម្ពុជាបន្ថែមទៀត ដូចជា ការចុះបញ្ជីពាណិជ្ជកម្មដែលមានលក្ខណៈសាមញ្ញ និងងាយស្រួល ការកាត់បន្ថយពេលវេលានៃការចុះបញ្ជី ការទទួលបាននូវជំនួយផ្នែកហិរញ្ញវត្ថុ និងដើមទុនសម្រាប់សហគ្រាសធនតូច និងមធ្យម និងការគ្រប់គ្រងបំណុលនៅកម្ពុជា រួមទាំងគំនិតផ្តួចផ្តើមសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសិរី ជាដើម។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះកិច្ចសហ-ប្រតិបត្តិការ និងការគាំទ្រកន្លងមករបស់ចក្រភពអង់គ្លេសដល់កម្ពុជា និងបានជូនពរដល់ លោកស្រី​Anne-Marie Trevelyan ឲ្យទទួលបានភាពជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា៕