(វ៉ាស៊ីនតោន)៖ សមាគមអ្នកសិក្សាអន្តរជាតិ NAFSA បានឱ្យដឹងថា និស្សិតបរទេសបានចំណាយប្រាក់ជាង ៤០,១ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កើនឡើង ១៩% ធៀបនឹងឆ្នាំ២០២១-២០២២ នេះបើយោងតាមកាសែតវៀតណាម VN Express។

កំណើនចំណាយនេះគឺជាកំណើនពីរឆ្នាំជាប់គ្នាដែលរួមបញ្ចូលទាំងថ្លៃសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ការចំណាយលើលំនៅឋាន ការធ្វើដំណើរ អាហារ និងទំនិញប្រើប្រាស់ក្នុងអំឡុងពេលស្នាក់នៅរបស់និស្សិតផងដែរ។

កាសែតវៀតណាម VN Express បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយសមាគម NAFSA ថា៖ «ការរួមចំណែករបស់ពួកគេចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានសារៈសំខាន់ ហើយការកើនឡើងប្រចាំឆ្នាំសម្រាប់ពីរឆ្នាំជាប់គ្នានេះគឺជារឿងដ៏គួរឱ្យរីករាយ»

រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានថ្លែងក្នុងពិធីប្រារព្ធសប្តាហ៍អប់រំអន្តរជាតិក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ថា៖ «ការអប់រំអន្តរជាតិមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់បុគ្គលប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសារៈសំខាន់ផងដែរចំពោះទំនាក់ទំនងការទូតរបស់អាមេរិក ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់យើង សូម្បីតែសន្តិសុខជាតិរបស់យើងផងដែរ»

កាសែតវៀតណាម VN Express បានរាយការណ៍ទៀតថា យោងតាមរបាយការណ៍ Open Doors ដែលចេញផ្សាយដោយវិទ្យាស្ថានអប់រំអន្តរជាតិ សហរដ្ឋអាមេរិកបានទទួលនិស្សិតអន្តរជាតិជាងមួយលាននាក់ឱ្យមកចុះឈ្មោះចូលរៀននៅក្នុងគ្រឹះស្ថានសិក្សាផ្សេងៗនៅទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កើនឡើង ១២% ធៀបនឹងឆ្នាំកន្លងមក។

ប្រទេសចិន និងឥណ្ឌាមាននិស្សិតអន្តរជាតិច្រើនជាងគេ ដែលរួមគ្នាមានចំណែកជិត ៥៣% នៃចំនួននិស្សិតសរុប។ និស្សិតចិនបានចំណាយប្រាក់ ១២,២ពាន់លានដុល្លារ ហើយនិស្សិតឥណ្ឌាបានចំណាយប្រាក់ចំនួន ៧,១៣ពាន់លានដុល្លារក្នុងការសិក្សានៅអាមេរិកនេះ។ ប្រទេសវៀតណាមដែលជាប់ចំណាត់ថ្នាក់ទីប្រាំបានបញ្ជូនសិស្សចំនួន ២១ ៩០០នាក់ទៅសិក្សានៅអាមេរិក ដោយបានចំណាយប្រាក់ប្រមាណ ៨១៦លានដុល្លារអាមេរិក កើនឡើង ១១,៦% ធៀបនឹងឆ្នាំ២០២២។

តាមរយៈការចំណាយប្រាក់របស់និស្សិតអន្តរជាតិទាំងនោះ ពួកគេក៏បានបង្កើតឱ្យមានការងារធ្វើ ៣៦៨ ៣៣៣កន្លែងក្នុងឆ្នាំសិក្សា ២០២២-២០២៣ កើនឡើង ៩,៨% ធៀបនឹងឆ្នាំសិក្សាកន្លងទៅ៕