(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពី «ការដាក់ឲ្យដំណើរការជាផ្លូវការ របស់ប្រព័ន្ធទូរស័ព្ទសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម» ដែលដឹកនាំដោយលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននេះ លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ប្រព័ន្ធទូរស័ព្ទសាធារណៈ Hotline «១២៦៦» របស់ក្រសួងពាណិជ្ជកម្ម ដែលនឹងដាក់ឲ្យដំណើរការ នាពេលឆាប់ៗខាងមុខនេះ មានអត្ថប្រយោជន៍រួមមាន៖

* ជួយដល់សាធារណជន ឲ្យទទួលជ្រាបអំពីព័ត៌មាន សេវារបស់ក្រសួងពាណិជ្ជកម្ម
* អាចផ្សព្វផ្សាយសេវាសាធារណៈរ បស់ក្រសួងពាណិជ្ជកម្ម ដល់សាធារណជនទូទៅ
* ពុំមានគិតកម្រៃសេវា ក្នុងការសាកសួរព័ត៌មានសេវា របស់ក្រសួងពាណិជ្ជកម្ម
* ជំរុញការស្វែងយល់អំពីសេវាសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ឲ្យជ្រួតជ្រាបទៅដល់មជ្ឈដ្ឋានសាធារណជន
* បង្កើនគុណភាពនៃការផ្ដល់សេវារបស់ក្រសួង ឲ្យកាន់តែមានភាពឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព
* សាធារណជនអាចសាកសួរព័ត៌មាន ស្ដីពីសេវានានារបស់ក្រសួងពាណិជ្ជកម្ម ដោយពុំចាំបាច់មកដល់ក្រសួងផ្ទាល់
* អាចជួយដោះស្រាយបញ្ហានានា ឬស្រាយចម្ងល់របស់សាធារណជនពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួង និងជួយសម្រួលដល់ការប្រកបអាជីវកម្ម និងធុរកិច្ចកាន់តែមានភាពងាយស្រួល និងរីកចម្រើនបន្ថែមទៀត។

បន្ថែមពីនោះទៀត លោក ប៉ែន សុវិជាតិ បានបញ្ជាក់ឲ្យដឹងថា មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម រង់ចាំទទួលទូរស័ព្ទ និងធ្វើការឆ្លើយតប នៅរៀងរាល់ម៉ោង និងថ្ងៃធ្វើការ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង៥រសៀល។ ដើម្បីឆ្លើយតបនូវចម្ងល់ ឬបញ្ហានានា មន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្ម ចំនួន៦០នាក់ រង់ចាំទទួលទូរស័ព្ទ ដែលពួកគាត់មកពី៥ អគ្គនាយកដ្ឋានដូចជា៖

១៖ អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មមាន ៣នាយកដ្ឋាន
២៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មាន ៤នាយកដ្ឋាន
៣៖ អគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេសមាន ១នាយកដ្ឋាន
៤៖ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មាន ១នាយកដ្ឋាន
៥៖ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម មាន ១នាយកដ្ឋាន និង៦៖ អគ្គាធិការ។

ជាមួយគ្នានេះ លោក ប៉ែន សុវិជាតិ ក៏បានប្រាប់អំពីដំណើរការ នៃប្រព័ន្ធទូរស័ព្ទសាធារណៈ Call Center «១២៦៦» របស់ក្រសួងពាណិជ្ជកម្ម រួមមាន៖

* បន្ទាប់ពីចុចលេខ «១២៦៦» ភ្នាក់ងារស្វ័យប្រវត្តិ នឹងទទួលការខលចូលដោយឥតគិតថ្លៃ និងស្នើជ្រើសរើសភាសា ដោយលេខ ១ គឺភាសាខ្មែរ ហើយលេខ ២ គឺភាសាអង់គ្លេស។
* បន្ទាប់ពីនេះ ភ្នាក់ងារស្វ័យប្រវត្តិ នឹងណែនាំបញ្ជីព័ត៌មាន និងលេខបណ្ដាញតភ្ជាប់ ដែលសាធារណៈជនអាចភ្ជាប់ និងធ្វើការសន្ទនាជាមួយភ្នាក់ងារទទួលព័ត៌មានរបស់យើងផ្ទាល់។
* បណ្ដាញតភ្ជាប់ទៅកាន់ព័ត៌មានសំខាន់ៗ មានដូចខាងក្រោម៖
លេខ (១) សម្រាប់ព័ត៌មានទូទៅ
លេខ (២) សម្រាប់ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម
លេខ (៣) សម្រាប់ព័ត៌មានអំពីការចុះបញ្ជីម៉ាក
លេខ (៤) សម្រាប់ព័ត៌មានអំពីការនាំចេញ-នាំចូលទំនិញ ឬ CO
លេខ (៥) សម្រាប់ព័ត៌មានអំពីកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) និង
លេខ (៦) សម្រាប់ព័ត៌មានអំពីសេវាពាណិជ្ជកម្មផ្សេងៗរបស់ក្រសួងពាណិជ្ជកម្ម ដូចជាប្រតិបត្តិការដែលមានកិច្ចធានា និងព័ត៌មានអំពីការតាំងពិព័រណ៌។

ក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា អាជីវករ ពាណិជ្ជករ ធុរជន និងសាធារណជនទូទៅ នឹងទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធទូរស័ព្ទសាធារណៈរបស់ក្រសួង សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ព្រមទាំងដើម្បីជួយសម្រួលដល់ការប្រកបអាជីវកម្ម និងធុរកិច្ចកាន់តែមានភាពងាយស្រួល និងរីកចម្រើនបន្ថែមទៀត៕