(ប៉េកាំង)៖ ប្រទេសចិនគ្រោងនឹងប្រកាសទិសដៅ កំណើនសេដ្ឋកិច្ចឆ្នាំ២០២៤ និងដាក់ចេញយុទ្ធសាស្ត្ររបស់ខ្លួន សម្រាប់គាំទ្រសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ នៅក្នុងជំនួបកិច្ចប្រជុំនយោបាយប្រចាំឆ្នាំធំបំផុត របស់ប្រទេសចិនក្នុងសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រីចិន លី ឈាំង នឹងបង្ហាញរបាយការណ៍ការងារ របស់រដ្ឋាភិបាលជាលើកដំបូង នៅសភាប្រជាជនជាតិ នៅថ្ងៃអង្គារសប្តាហ៍នេះ។ ក្រុមមន្ត្រីចិនកំពុងព្យាយាមប្រឹងប្រែងស្តារសន្ទុះសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីឆ្លងកាត់ឆ្នាំដ៏ច្របូកច្របល់ ដែលមើលឃើញថា សេដ្ឋកិច្ចជួបបញ្ហាបរិត្តផរណា វិបត្តិអចលនទ្រព្យដែលកំពុងបន្ត ការកើនឡើងបន្ទុកបំណុល និងការហូរចេញមូលធនបរទេសជាដើម។

ក្រុមវិនិយោគិននឹងពិនិត្យមើលយ៉ាងដិតដល់ ទៅលើអាទិភាពគោលនយោបាយ និងសញ្ញាជំរុញសេដ្ឋកិច្ចនានា ខណៈដែលទីក្រុងប៉េកាំងត្រូវបានរំពឹងថា នឹងប្រកាសពីទិសដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល ៥% ពោលគឺដូចគ្នាទៅនឹងទិសដៅឆ្នាំមុនដែរ ប៉ុន្តែវានឹងពិបាកសម្រេចបានដោយសារតែមូលដ្ឋាន ប្រៀបធៀបខ្ពស់។ វិស័យផ្តោតនានានឹងរួមមាន ការពង្រឹងវិធានការជំរុញសារពើពន្ធ កត្តាជំរុញសេដ្ឋកិច្ចថ្មី ខណៈពេលដែលប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដឹកនាំប្រទេសចិនឱ្យងាកឆ្ងាយពីគំរូកំណើន ដែលជំរុញដោយអចលនទ្រព្យ និងផែនការរបស់រដ្ឋាភិបាល សម្រាប់ការជំរុញការប្រើប្រាស់។

ក្រុមសេដ្ឋវិទូនៃក្រុមហ៊ុន JPMorgan Chase & Co បានឱ្យដឹងនៅក្នុងសំណេរមួយថា ជំហរគោលនយោបាយរបស់ទីក្រុងប៉េកាំង ទំនងជានឹងផ្តោតលើកំណើនសេដ្ឋកិច្ច ប៉ុន្តែនឹងមិនមែនជា «ការជំរុញខ្លាំងក្លាទេ»។ ពួកគេបានសរសេរបន្តថា៖ «កម្រិតគោលនយោបាយត្រូវបានកំណត់ទុកជាមុន នៅក្នុងសន្និសិទការងារសេដ្ឋកិច្ចមជ្ឈិមកាលពីខែធ្នូ ហើយយើងឃើញថានឹងមានឱកាសកែប្រែតិចតួច»

ក្រុមសេដ្ឋវិទូទាំងនេះបានបន្ថែមថា «វានឹងជាការភ្ញាក់ផ្អើលជាវិជ្ជមាន» ប្រសិនបើរបាយការណ៍ការងារបង្ហាញថា អ្នកបង្កើតគោលនយោបាយលើកឡើងពីការព្រួយបារម្ភ ដូចដែលអ្នកនៅក្នុងទីផ្សារបានលើកឡើង អំពីបញ្ហាប្រឈមសេដ្ឋកិច្ច រួមទាំងហានិភ័យនៃបរិត្តផរណា ភាពអត់ការងារធ្វើ និងលទ្ធផលពីការធ្លាក់ចុះវិស័យអចលនទ្រព្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕