(ឌូបៃ)៖ ប្រទេសជាសមាជិក របស់អង្គការ OPEC+ ដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្ស៊ី កាលពីថ្ងៃអាទិត្យ បានព្រមព្រៀងគ្នាបន្តកាត់បន្ថយទិន្នផលប្រេង ដោយស្ម័គ្រចិត្តសម្រាប់ត្រីមាសទីពីរ ដោយផ្តល់ការគាំទ្របន្ថែម ដល់ទីផ្សារក្នុងគ្រាដែលមានការព្រួយបារម្ភ អំពីកំណើនសេដ្ឋកិច្ចពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា អារ៉ាប៊ីសាអូឌីតដែលជាមេដឹកនាំ អង្គការប្រទេសនាំចេញប្រេង (OPEC) បានឱ្យដឹងថា អង្គការ OPEC+ នឹងបន្តកាត់បន្ថយការផលិតប្រេងឆៅ ដោយស្ម័គ្រចិត្តរបស់ខ្លួនចំនួន ១លានបារ៉ែលក្នុងមួយថ្ងៃ (bpd) រហូតដល់ចុងខែមិថុនា ដែលធ្វើឱ្យទិន្នផលប្រេង សរុបធ្លាក់មកនៅត្រឹម ៩លានបារ៉ែលក្នុងមួយថ្ងៃ។ ការកាត់បន្ថយទិន្នផលប្រេងឆៅនេះ នឹងត្រូវវិលត្រលប់មករកភាពប្រក្រតីវិញបន្តិចម្តងៗ យោងទៅតាមស្ថានភាពទីផ្សារ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់សម្ដី របស់ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak ខណៈថ្លែងថា ប្រទេសរុស្ស៊ីដែលដឹកនាំក្រុមប្រទេសសម្ព័ន្ធមិត្ត របស់អង្គការ OPEC ដែលរួមគ្នាហៅថា អង្គការអង្គការ OPEC+ នឹងកាត់បន្ថយការផលិត និងការនាំចេញប្រេងឆៅបន្ថែម ៤៧១០០០បារ៉ែលក្នុងមួយថ្ងៃ ក្នុងត្រីមាសទី២ ឆ្នាំនេះ ដោយមានការសម្របសម្រួល ជាមួយប្រទេសមួយចំនួនរបស់អង្គការ OPEC+។

អង្គការ OPEC+ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ បានព្រមព្រៀងគ្នាកាត់បន្ថយ ការផលិតប្រេងឆៅដោយស្ម័គ្រចិត្តសរុបប្រហែល ២,២លានបារ៉ែលក្នុងមួយថ្ងៃ សម្រាប់ត្រីមាសទី១ ដែលការកាត់បន្ថយនេះនាំមុខ ដោយអារ៉ាប៊ីសាអូឌីត។

សមាជិករបស់អង្គការ OPEC+ ប្រកាសពីការកាត់បន្ថយរៀងៗខ្លួន។ ប្រទេសអ៊ីរ៉ាក់នឹងបន្តកាត់បន្ថយទិន្នផលប្រេងឆៅ របស់ខ្លួនចំនួន ២២០ ០០០បារ៉ែលក្នុងមួយថ្ងៃ អេមីរ៉ាតអារ៉ាប់រួមនឹងបន្តកាត់បន្ថយទិន្នផល ១៦៣ ០០០បារ៉ែល ហើយប្រទេសគូវ៉ែត នឹងបន្តកាត់បន្ថយទិន្នផល ១៣៥ ០០០បារ៉ែល នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយប្រទេសទាំង៣។ ប្រទេសអាល់ហ្សេរី ក៏បានឱ្យដឹងផងដែរថា ខ្លួននឹងកាត់បន្ថយទិន្នផលប្រេងចំនួន ៥១ ០០០បារ៉ែល ខណៈដែលប្រទេសអូម៉ង់នឹងកាត់បន្ថយ ៤២ ០០០បារ៉ែល៕