(ភ្នំពេញ)៖ ក្រុមប្រឹក្សាធុរកិច្ចសហ​រដ្ឋអាមេរិក-អាស៊ាន (US-ABC) ​បានបង្ហាញបំណងមកស្វែងរកកាលានុវត្តភាព ក្នុងការចាប់ផ្តើម និងការពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីចាប់យកសក្តានុពលរបស់កម្ពុជា ក៏ដូចជាការចូលរួម ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។

​ការមកស្វែងរកឱកាសវិនិយោគរបស់ US-ABC បន្ទាប់ពីតំណាង US-ABC ទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ផាន់ ផលា្ល​ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

តំណាង US-ABC បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងផ្នែកធុរកិច្ច ពាណិជ្ជកម្ម និង ការវិនិយោគ រវាងសហរដ្ឋអាម៉េរិក-កម្ពុជា និង បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព បរិយាប័ន្ន និង ភាពធន់។

តំណាង US-ABC ដែលមានទាំងក្រុមហ៊ុនដែលកំពុងមានវត្តមាននៅកម្ពុជា ទាំងក្រុមហ៊ុនដែលមានបំណងចាប់ផ្តើមសកម្មភាពនៅកម្ពុជា បានបង្ហាញអំពីគោលបំណង ក្នុងការស្វែងរកកាលានុវត្តភាព ក្នុងការចាប់ផ្តើម និងការពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីចាប់យកសក្តានុពលរបស់កម្ពុជា ក៏ដូចជាការចូលរួម ក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត ។

​ទន្ទឹមគ្នានេះ តំណាង US-ABC បានស្នើសុំឱ្យមានការពន្យល់អំពីទិដ្ឋភាពធុរកិច្ច និងសក្តានុពលវិនិយោគ ក៏ដូចជាស្នើសុំឱ្យមានការដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលក្រុមហ៊ុនសហរដ្ឋអាមេរិកនៅកម្ពុជា បាន និងកំពុងជួបប្រទះ។

​លោកបណ្ឌិត ផាន់ ផលា្ល ​ បានពន្យល់អំពីទិសដៅរបស់រាជរដ្ឋាភិបាល និងបានបំភ្លឺអំពីបញ្ហាប្រឈមនីមួយៗដែលក្រុមហ៊ុនលើកឡើង។ ជាមួយគ្នានេះ លោកសម្តែងនូវការស្វាគមន៍ ចំពោះការបន្តកិច្ចសន្ទនារវាងធុរជន និងក្រសួង​ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិ​យោគ និងស្នើសុំឱ្យតំណាងស្ថាប័នក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចពិភាក្សា ដើម្បីស្វែងយល់លម្អិត និងជួយជំរុញការដោះស្រាយបញ្ហាប្រឈម ដែលក្រុមហ៊ុនសហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀត នៅកម្ពុជាឱ្យបានកាន់តែប្រសើរឡើង។

​តំណាង US-ABC បានសម្តែងនូវការថ្លែងអំណរគុណ និងការស្វាគមន៍ចំពោះការបើកកិច្ចពិភាក្សា ដោយបើកចំហ ជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាជាក់ស្តែង ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជន ។ តំណាង US-ABC ក៏បានសម្តែងនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកម្ពុជា ដោយបន្តចូលរួមកិច្ចពិភាក្សាជាបន្តបន្ទាប់ ដើម្បីផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាល​៕